ឯកឧត្តម អ៊ុក សិទ្ធិជាតិ វាយតម្លៃខ្ពស់ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡាបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡាក្រសួង រាជធានី-ខេត្ត ដែលបានសហការគ្នារៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ឲ្យប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុកប្រកបដោយភាពជោគជ័យ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់។

ឯកឧត្តមអគ្គនាយកកីឡាក៏បានលើកទឹកលើកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែល បានខិតខំប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ នា ពេលនេះ។ រឿងសំខាន់មួយទៀត គឺគណៈកម្មការបច្ចេកទេសទាំងអស់បានដឹកនាំការប្រកួតតាមគោលការណ៍ បច្ចេកទេសប្រកបដោយយុត្តិធម៌ និងតម្លាភាព ដោយបានរកឃើញកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំ នាពេលនេះ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏បានបង្ហាញបច្ចុប្បន្នភាពនៃវិស័យកីឡាកម្ពុជា ដែលមានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន។ លទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិក៏មានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើនបានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និង ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះថា «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។

«ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា»។ ឯកឧត្តមអគ្គ នាយកកីឡាបន្ថែម។

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា សូមបន្តខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅ ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្ហាញនូវការដឹងគុណចំពោះដល់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិ បណ្ឌិត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែបានផ្តល់ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់អំពីនយោបាយដឹកនាំ ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ និងថវិកាមកដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក កីឡាករជាបន្តបន្ទាប់។ ជាមួយគ្នានោះ ឯកឧត្តមប្រធានក៏ដឹងគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់នូវកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីរៀបចំការប្រកួតកីឡា ប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះឲ្យទទួលបានជោគជ័យ នាពេលនេះ ដើម្បីបន្ត ដំណើរការអភិវឌ្ឍឆ្ពោះទៅប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner