រថយន្តកុងតឺន័របើកបុករថយន្តស្ទួចធុនធំពីក្រោយ រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ បានបុករថយន្តស្ទួចដែលចតអែមចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួស។  ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរអតីតលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស្ទួចធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1459 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុក៏បានអែមរថយន្តមកចញ្ចើមផ្លូវ រួចដើរទៅហូបបាយដោយមិនបានដាក់ផ្លាកសញ្ញា ។

បន្ទាប់ក្រោយមកក៏មានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-7970 បានបើកបរមកពីក្រោយដោយសង្ស័យតែអ្នកបើកបរងងុយដេក ក៏ជ្រុលចង្កូតមកបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យក្បាលរថយន្តកុងតឺន័រផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ ។ចំណែករថយន្តស្ទួចខូចខាតតិចតួចដោយសារកាងរថយន្តដែកក្រាស់ ។

ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗភាគីទាំងសងខាងក៏បានសម្របសម្រួលគ្នាដែរ តែដោយសារភាគីទាំង២ជជែករកតែត្រូវរៀងៗខ្លួនទើបដោះស្រាយមិនចេញ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner