ចំនួនមនុស្សស្លាប់ និងរបួសកើនជិត៦០0នាក់ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិកទ័រវាយប្រហារប្រទេសអាល់បានី
អាល់បានី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់១៣នាក់ និងច្រើនជាង៦០០នាក់ផ្សេងទៀតរងរបួស ខណៈអគារពីរខ្នងបាក់រលំ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់មួយវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres ប្រទេសអាល់បានី នៅព្រឹកថ្ងៃអង្គារម្សិលមិញ ។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេ៉រិក (USGS) គ្រោះមហន្តរាយធម្មជាតិខាងលើនេះ មានកម្រិត៦.៤រ៉ិចទ័រ និងមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana ។ គិតមកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តការងាររបស់ពួកគេនៅឡើយ ។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងជាលើកទី២នៅក្នុងប្រទេសអាល់បានី នារយៈពេល២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៦រ៉ិចទ័រក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់ បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង ៕ធ.ដ
