ផ្សែងអ័ព្ទកខ្វក់កើតមកពីភ្លើងឆេះព្រៃ គ្របដណ្តប់ទីក្រុងស៊ីដនីសារជាថ្មីទៀត
អត្ថបទដោយ៖
Kien Sereyvuth
អូស្រ្តាលី៖ ផ្សែងអ័ព្ទកខ្វក់ដែលកើតមកពីភ្លើងឆេះព្រៃ ដែលកំពុងឆេះនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ក្នុងប្រទេសអូស្ត្រាលី បានគ្របដណ្ដប់ទីក្រុងនេះ និងតំបន់ជុំវិញជាថ្មីម្ដងទៀតនៅក្នុងថ្ងៃ អង្គារ ម្សិលមិញ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គុណភាពខ្យល់បានឡើងលើសកម្រិតគ្រោះថ្នាក់ ហើយអាជ្ញាធរអូស្រា្តលីបានចេញសេចក្ដីព្រមាន អំពីគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារភ្លើងឆេះព្រៃនៅតាមតំបន់ឆ្នេរក្នុងរដ្ឋ New South Wales ។

ប្រភពបានឱ្យដឹងទៀតថា ព្យុះភ្លៀងបានបក់កាត់ទីក្រុងស៊ីដនី កាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែនៅតែមិនអាចកាត់បន្ថយផ្សែងអ័ព្ទកខ្វក់ចេញពីក្រុងនេះ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានភ្លើងឆេះព្រៃប្រហែល៨០កន្លែងកំពុងឆេះនៅទូទាំងរដ្ឋ New South Wales ៕ធ.ដ


