នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។
ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយៈពលជ័យ

