កិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM )ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង !
ការជ្រើសរើសយកប្រធានបទ ( បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង ) សម្រាប់កិច្ចប្រជុំមេបញ្ចាការកងទ័ពជើងទឹកអាស៊ាន ( ANCM )លើកទី១៣ ឆ្នាំ២០១៩នេះ ដោយផ្អែកលើគោលការណ៍ទាំង ៣ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ! ។ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងជាអគ្គលរខាធិកាធិការ នៃគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ថ្លែងក្នុងសន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ដោយបានបង្ហាញថា ៖ ដោយផ្អែកលើស្ថានការជាក់ស្តែងដែលកំពុងអភិវឌ្ឍក្នុងតំបន់ និងអនុលោមតាមគោលការណ៍ចំនួន ៣ ដែលបានលើកឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺកសាងភាពធន់ទ្រាំរឹងមាំ កសាងសមត្ថិភាពឆ្លើយតប និងកសាងសមត្ថភាព នៃការស្តារឡើងវិញ ដើម្បីបំរើឲ្យគោលបំណងបង្កើនឡើងនូវកាលានុវត្តភាព និងសម្រេចបានគោលដៅជាបឋមខាងលើ គឺត្រូវថែរក្សាការពារសុខសន្តិភាព និងសុវត្តិភាពលើផ្ទៃសមុទ្រក្នុងតំបន់ ប្រធានបទនៃកិច្ចប្រជុំមេបញ្ចាការកងទ័ពជើងទឹកអាស៊ាន ( ANCM )លើកទី១៣ ឆ្នាំ២០១៩នេះ ត្រូវបានជ្រើសរើសយកប្រធានបទ ( បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង ) ។
សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងថា ៖ យើងពិតជាទទួលស្គាល់អំពីបញ្ហាប្រឈមទាំងឡាយ ដែលកំពុងបន្តកើតមានឡើងលើលម្ហសមុទ្រ ទាំងសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី មានដូចជា៖ បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ បញ្ហាចារកម្មប្រដាប់អាវុធ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ អំពើភេវរកម្ម ។ ដូចនេះ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក នៃបណ្តាប្រទេសអាស៊ាន តាមរយៈនៃកិច្ចប្រជុំ ANCM គឺជាសក្ខីកម្មនៃស្មារតីឯកភាពគ្នា និងជាការខិតខំរួមគ្នាលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែងលើផ្ទៃសមុទ្រ និងទទួលខុសត្រូវលើជោគវាសនា របស់ប្រជាជាតិអាស៊ានទាំងមូល ។
គួររំលឹកដែរថា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ដែលហៅកាត់ថា ANCM ចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០១ តាមរយៈនៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួននាទីក្រុងបាងកក ( ប្រទេសថៃ ) ។ មានប្រធានបទជាច្រើន ជាពិសេសពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ត្រូវបានពិនិត្យ ពិចារណា និងលើកយកមកពិភាក្សា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ ភាពចុះសម្រុងគ្នា ដើម្បីរិះរកដំណោះស្រាយ ដោះស្រាយបញ្ហាប្រឈមទាំងឡាយលើផ្ទៃសមុទ្រ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប










