កិច្ចដំណើរការប្រជុំពេញអង្គថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣
កិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣ ពេញអង្គបានដំណើរការកិច្ចប្រជុំរបស់ខ្លួន នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និង ជាអគ្គលេខាធិការនៃគណៈកម្មាធិ ការជាតិសន្តិសុខលម្ហសមុទ្រ ។
មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តមនាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា ក្នុងនាមជាសមាជិកអាស៊ាន បានធ្វើការរំលឹកអំពីប្រវត្តិសង្ខេប នៃកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ដែលបានចាប់បដិសន្ធិនៅឆ្នាំ២០០១ តាមកិច្ចប្រជុំនៅក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ដែលហៅកាត់ ( ANCM )បានដំណើរការប្រជុំរបស់ខ្លួនក្នុង១ឆ្នាំម្តង យ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំ តាមរយៈនៃការផ្លាស់ប្តូរវេនគ្នា ដោយឈរលើមូលដ្ឋានស្ម័ត្រចិត្ត ហើយមកដល់ពេលនេះមានអាយុកាល១៨ឆ្នាំ ហើយ ហើយនេះក៏ជាកិច្ចប្រជុំលើកទី១៣ផងដែរ ។ ឯកឧត្តមនាយឧត្តមនាវី ក៏បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានប្រធានបទជាច្រើនដែលត្រូវយកមកធ្វើកិច្ចពិភាក្សា សំខាន់ពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ត្រូវបានពិនិត្យពិចារណា និង លើកយកមកពិភាក្សាក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទះ ភាពចុះសម្រុងគ្នា ដើមី្បរឹះរកនូវ ដំណោះស្រាយ ចំពោះបញ្ហាប្រឈមទាំងឡាយលើផ្ទៃសមុទ្រ ។ ឯកឧត្តមបានបន្តទៀតថា ដោយផ្អែកទៅលើស្ថាន ការណ៍ជាក់ស្តែង ដែលកំពុងវិវឌ្ឍន៍ក្នុងតំបន់ សំខាន់ការអនុលោមទៅតាមគោលការណ៍៣យ៉ាង ដែលបានលើកឡើងនៅ ក្នុងកិច្ចប្រជុំថ្នាក់់រដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺកសាងភាពធន់ទ្រាំរឹងមាំ កសាងសមត្ថភាពឆ្លើយតប និងកសាងសមត្ថភាពនៃការស្តារ ឡើងវិញ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងគោលបំណងបង្កើនឡើងនូវកាលានុវត្តភាព នឹង សម្រេចបាននូវ គោលដៅខាងលើជាបឋម គឺត្រូវការថែរក្សា ការពារសុខសន្តិភាព និង សុវត្ថិភាពលើផ្ទៃសមុទ្រក្នុងតំបន់ ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា កិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាននាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់តែល្អិតល្អន់ ផុលផុសថែមទៀត អំពីបញ្ហាប្រឈម ដែលជាគន្លឹះក្នុងការលើកកម្ពស់ ការជឿទុកចិត្តគ្នា ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែកថែរក្សាសន្តិភាព សេ្ថរភាព ការអភិវឌ្ឍន៍ និង វិបុលភាពក្នុងតំបន់ រួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថាន ភាពអាសន្ន ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍ នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពឯករាជ្យភាព អធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ដែលជាធាតុចូលដ៏សំខាន់ ទាក់ទងទៅនឹងប្រធានបទ ( បង្កើនកិច្ចសហ ប្រតិបត្តិការ ដើមី្បសន្តិសុខសមុទ្រយូរអង្វែង ។
ក្នុងកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣ ក៏មានវត្តមាន នៃបណ្តាប្រទេសអាស៊ានទាំង១០ រួមទាំងមន្ត្រីជំនាញរបស់មណ្ឌលចែកចាយព័ត៌មាន អាយ អេហ្វ ស៊ី និង តំណាងមន្ត្រីអនុព័ន្ធយោធាបរទេសប្រចាំនៅ កម្ពុជា ព្រមទាំងគណៈប្រតិភូក្រសួងការពារជាតិ សរុបប្រមាណ ២០០នាក់ចូលរួម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប








