ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកំពង់ឆ្នាំងឆ្នាំ២០២១-២០២២ត្រូវបានបិទបញ្ចប់ក្រោយពីធ្វើការប្រកួតប្រជែងអស់រយៈពេល៧ថ្ងៃ

កំពង់ឆ្នាំង៖ ការប្រកួតកីឡាសិស្សបឋមសិក្សានិង មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំង លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ឆ្នាំ២០២១-២០២២ បានធ្វើពិធីបិទ បន្ទាប់ពីបានដំណើរការប្រកួត អស់រយៈពេល៧ថ្ងៃ ដែលពិធីបិទការប្រកួតនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងរយៈពេលនៃការប្រកួត៧ថ្ងៃនេះ បានដំណើរការដោយរលូន ក្រុមកីឡាករ កីឡាការនី និង ប្រតិភូក្រុមកីឡាករទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់ អំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ សម្រាប់លទ្ធផលនៃការប្រកួតកីឡាបឋមសិក្សានិងមធ្យមសិក្សានេះ បានរកឃើញ ក្រុមកីឡាករ កីឡាការនី បឋមសិក្សាចំនួន ៩ក្រុម ប្រភេទកីឡាបាល់បោះ បាល់ទះ បាល់ទាត់ អត្តពលកម្ម និង វាយសី និង វាយកូនឃ្លីលើតុ ។

ចំពោះកីឡាមធ្យមសិក្សាបានជ្រើសរើសបានចំនួន១០ក្រុមកីឡាបាល់បោះ បាល់ទះ បាល់ទាត់ អត្តពលកម្ម និង វាយសី ប៉េតង់ និង វាយកូនឃ្លីលើតុ ។លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានសម្តែងនូវកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងប្រតិភូកីឡា ដែលយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីបង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឆ្លើយតបតាមបរិបទ នៃការរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើន សកម្មភាពកីឡាឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការបំផុសចលនាអប់រំកាយ ក្នុងស្រទាប់ ប្រជាជន និងយុវ វ័យរបស់យើងនៅតាមសាលារៀន និងតាមសហគមន៍ ។

លោក អភិបាលរងខេត្តបញ្ជាក់ថា ការលេងកីឡាចៀសផុតពីការសេពគ្រឿងញៀន បង្កជាក្រុមបងធំ បងតូច ប្រព្រឹត្តអំពើអបាយមុខផ្សេងៗបង្កឱ្យមានអស្ថិរភាពក្នុងសង្គមជាដើម ។ល។ ក្មួយៗត្រូវខិតខំហ្វឹកហាត់បន្តទៀតទាំងផ្នែកបច្ចេកទេស បទបញ្ជា ក្រមសីលធម៌ និង កត្តាផ្សេងទៀត បង្កើនសមត្ថភាព បទពិសោធន៍ថ្មីៗសម្រាប់ចូលរួមការ ប្រកួតកីឡា ថ្នាក់ជាតិ ទទួលចំណាត់ថ្នាក់ជ័យលាភីបន្តទៀតសម្រាប់ខេត្ត និង សាលារៀនរបស់ខ្លួន ។ នៅក្នុងឱកាសនោះ លោក ស្រ៊ន សំឫទ្ធី បានប្រគល់រង្វាន់ជ័យលាភី ដល់កីឡាករ កីឡាការនី និង ប្រគល់លិខិតថ្លែងអំណគុណដល់សប្បុរសជនដែលចូលរួមឧបត្ថម្ភគាំទ្រ សម្ភារៈថវិកា ដល់ដំណើរការរៀបចំការប្រកួតផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner