ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន សរុបចំនួន ២គ្រឿង គឺ ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹក បូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។
សាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥ ។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner