សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុន បានដើរតួរនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជា រីកចំរើនក៏មិនអាចកាត់ផ្តាច់ពីការជួយរបស់ជប៉ុនដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន បានដើរតួរនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជា រីកចម្រើនក៏មិនអាចកាត់ផ្តាច់ពីការជួយរបស់ជប៉ុនដែរ ខណៈកម្ពុជា ខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យច្រើនបន្ថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពង់ផែសព្វថ្ងៃនៅខេត្តព្រះសីហនុ ដែលកប៉ាល់កំពុងចេញចូលបច្ចុប្បន្ន ក៏ជាការចូលរួមភាគហ៊ុនរបស់ភាគីជប៉ុនផងដែរ ជប៉ុន បានចូលរួមកសាង ហេតុអ្វីបានជាអ្នកវិភាគខ្លះមិនដឹង ហើយនិយាយថា កម្ពុជាជាប់អន្ទាក់ចិន ។ សម្តេច ថា ពួកនេះអន់ជាងសត្វតិរច្ឆានផង ព្រោះសត្វស្គាល់សំបុក តែពួកនេះមិនស្គាល់ប្រទេសខ្លួនឯងផង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានជួយផ្តល់ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ សម្តេច បានបញ្ជាក់ថា ប្រទេសជប៉ុនបានដើរតួរនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជារីកចម្រើនក៏មិនអាចកាត់ផ្តាច់ពីការជួយរបស់ជប៉ុននោះទេ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា កម្ពុជា និងជប៉ុន មានភាពរីកចម្រើនទំនាក់ទំនងគ្នាកាន់តែច្រើន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner