សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតឡើយ តែក៏អំពាវនាវឱ្យពលរដ្ឋ បន្តការប្រយុទ្ធជាមួយនឹងកូវីដបំប្លែងថ្មី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតឡើយ តែសម្ដេច ក៏បានអំពាវនាវប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បន្តការប្រយុទ្ធជាមួយនឹងកូវីដបំប្លែងថ្មី អូមីក្រុង។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ ។


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ មានការឆ្លង ៥៩៨ករណី ស្លាប់ ២ករណី (៣ថ្ងៃជាប់គ្នាមានករណីស្លាប់)។ ទន្ទឹមនឹងមានករណីឆ្លងកើនឡើង និងមានការស្លាប់ផងនោះ សម្ដេចតេជោ ក៏បានអំពាវនាវប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បន្តការប្រយុទ្ធជាមួយនឹងកូវីដបំប្លែងថ្មី អូមីក្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំប្រមាថឱ្យសោះថា អូមីក្រុង វាមិននាំឱ្យមានការស្លាប់ និងអំពាវនាវបន្តប្រកាន់ភ្ជាប់នូវវិធានការណ៍ ៣កុំ ៣ការពារ។


ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានពញ្ជាក់ដែរថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ ទៀតឡើយ ។ សម្ដេច បានប្រកាសបែបនេះ ក្រោយពីមានការលើកឡើងថា នឹងមានការបិទរាជធានីភ្នំបេញម្ដងទៀត ៕ ដោយ វណ្ណលុក