អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយក្តាប់តូច
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយក្តាប់តូច អំពីការរឹតត្បិតលំហសេរីភាពសារព័ត៌មាននៅកម្ពុជា គឺគ្រាន់តែដើម្បីកេងចំណេញនយោបាយ និងទាក់ទាញយកប្រជាប្រិយភាពសម្រាប់បម្រើតែផលប្រយោជន៍របស់ក្រុមពួកគេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មុតដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការគំរាមកំហែង ឬរឹតត្បិតដូចដែលក្រុមមួយក្តាប់តូចនេះចោទប្រកាន់ឡើយ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២២ ខែកុម្ភៈនេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយក្តាប់តូចនោះ អំពីការរឹតត្បិតលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ពុំមានអ្វីប្លែកនោះទេ ព្រោះក្រុមនេះជាក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាដរាបមកហើយ។ ការលើកឡើងនេះ គឺគ្រាន់តែដើម្បីកេងចំណេញនយោបាយ និងទាក់ទាញយកប្រជាប្រិយភាពសម្រាប់បម្រើតែផលប្រយោជន៍របស់ក្រុមពួកគេតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ផ្ទុយទៅវិញ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មុតដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានយ៉ាងសំបូរបែប និងគ្រប់ជ្រុងជ្រោយពីប្រព័ន្ធផ្សព្វផ្សាយ គ្រប់និន្នាការទាំងតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលកំពុងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការគំរាមកំហែង ឬរឹតត្បិតដូចដែលក្រុមមួយ ក្តាប់តូចនេះចោទប្រកាន់ឡើយ។ ឯកឧត្តមបានបន្តថា បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែតែងទទួលស្គាល់នូវសារៈសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មាន ដោយបានចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពិតពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ និងធ្វើជាកញ្ចក់ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្កលក្ខណៈសម្បត្តិឱ្យបណ្តាគណបក្សនយោបាយដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃអាចធ្វើសកម្មភាពជួបជុំនានា ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋពីបណ្តាបក្សនយោបាយនានាផងដែរ៕
ដោយៈពលជ័យ