ប្រធានាធិបតីអ៊ុយក្រែន៖ ចង់បានសន្តិភាព ប៉ុន្តែក៏នឹងមិន បោះបង់ទឹកដីរបស់ខ្លួនឱ្យរុស្ស៊ីដែរ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌី ហ្សេលែនស្គី បាន ចោទ ប្រកាន់រុស្ស៊ីថា បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងកសាង សន្តិភាព ហើយបានច្រានចោលការធ្វើសម្បទានដែនដី ណា មួយ នៅក្នុងអំឡុងពេលថ្លែងសន្ទរកថាទៅកាន់ប្រទេស ជាតិ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។
ការលើក ឡើង របស់លោក ហ្សេលែនស្គី បានកើតមានឡើង បន្ទាប់ពី ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការទទួលស្គាល់ជា ផ្លូវការនូវ តំបន់ដែលគាំទ្រដោយទីក្រុងម៉ូស្គូ នៅភាគខាងកើត អ៊ុយក្រែន ថា ជារដ្ឋឯករាជ្យ ហើយថែមទាំងបានបញ្ជូន កងទ័ព ទៅកាន់តំបន់នេះដោយបង្កើនល្បឿនវិបត្តិដែលបណ្តាប្រទេសលោកខាងលិចព្រួយបារម្ភថា អាចបង្កឱ្យមានសង្រ្គាម ដ៏ធំ មួយ។


បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក ហ្សេលែនស្គីបានចោទប្រកាន់រុស្ស៊ីពីបទរំលោភលើដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយថា សកម្មភាពនេះអាច មាន ន័យថា ទីក្រុងម៉ូស្គូកំពុងព្យាយាមទាញការចរចា សន្តិភាព ទីក្រុង មីន៍ស្ក (Minsk) ក្នុងគោលបំណងបញ្ចប់ជម្លោះផ្តាច់ ខ្លួននៅ ភាគខាងកើតអ៊ុយក្រែន។
លោក ហ្សេលែនស្គី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា “យើង ប្តេជ្ញាចិត្តចំពោះផ្លូវសន្តិភាព និងការទូត… យើងនឹងដើរតាមវា ហើយមានតែវាប៉ុណ្ណោះ”។ ប៉ុន្តែយើងនៅលើដីរបស់យើង… យើងមិនខ្លាចអ្នកណា និងអ្វីទាំងអស់… យើងមិនជំពាក់ នរណាម្នាក់ឡើយ ហើយយើងក៏នឹងមិនផ្តល់អ្វីមួយដល់ អ្នកណាម្នាក់នោះដែរ៕
ប្រភព៖ Reuters ប្រែសម្រួលដោយៈ ឈឹម ទីណា