ហ្វីលីពីនចោទសភាអឺរ៉ុបជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន ខណៈការបោះឆ្នោតប្រធានាធិបតីរំកិលមក
ហ្វីលីពីនបានចោទប្រកាន់សភាអឺរ៉ុបថាបានធ្វើការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្រោយពេលដែលស្ថាប័ននីតិប្បញ្ញត្តិរបស់អឺរ៉ុបបានចេញសេចក្ដីសម្រេចមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅហ្វីលីពីនកាលពីសប្ដាហ៍មុន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ។
សភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានចេញសេចក្ដីសម្រេចមួយ ដោយមានការបោះឆ្នោតក្នុងសំឡេង ៦២៧ ចំណោម ៧០៥សំឡេង។ ក្នុងឯកសារមានកម្រាស់ចំនួន ៧ទំព័រនោះ សភាអឺរ៉ុបបានធ្វើការថ្កោលទោសយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់រដ្ឋការលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទឺរតេ ក៏ដូចជាថ្កោលទោសរឿងរំលោភសិទ្ធិមនុស្សនានាទៅលើសកម្មជននយោបាយ និងអ្នកកាសែតជាដើម។
ជាមួយគ្នានេះដែរ សភាអឺរ៉ុបបានធ្វើការអំពាវនាវឱ្យគណៈកម្មាធិការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់តំបន់នេះ ពិចារណាក្នុងការដកអត្ថប្រយោជន៍ពាណិជ្ជកម្មពិសេស GSP+ ពីហ្វីលីពីន ប្រសិនបើប្រទេសនេះមិនអនុវត្តកាតព្វកិច្ចលើកកម្ពស់សិទ្ធិមនុស្សក្នុងស្រុករបស់ខ្លួន។
ជាកិច្ចឆ្លើយតប ក្រសួងការបរទេសហ្វីលីពីនយល់ថា សភាអឺរ៉ុបទទួលបានព័ត៌មានខុស ដែលយកប្រភពនានាដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលកំពុងកាន់អំណាច។
ជាមួយគ្នានេះដែរ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងមកដល់នៅខែឧសភានេះ ខាងហ្វីលីពីនបានចាត់ទុកថា សេចក្ដីសម្រេចនេះជាការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕

ប្រភព៖ DFA