រកឃើញម្ចាស់ជ័យលាភីការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សា ខេត្តកំពង់ឆ្នាំង

បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំសិក្សា២០២១-២០២២ បានបញ្ចប់ជាស្ថាពរ ក្រោយពីគណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា។

លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានលើកឡើងថា ព្រឹត្តិ ការណ៍នេះមានប្រភេទបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៊ូល ដែលបានចាប់ផ្តើម ប្រកួតពីថ្ងៃទី១៥មកដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡាក្នុង ក្រុងកំពង់ឆ្នាំង។ ការប្រកួតបានដំណើរការយ៉ាងរលូន និងសម្រេចបានជោគជ័យជា នាពេលនេះ គឺអាស្រ័យដោយមានការជួយជ្រោមជ្រែងប្រកបដោយសុឆន្ទៈពីអាជ្ញាធរដែនដីខេត្ត និងសាលាក្រុងកំពង់ឆ្នាំង ក៏ដូចជាការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ឆ្នាំង ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាលខេត្ត។

លោកបានកត់សម្គាល់ថា ក្រុមកីឡាកីឡាករ កីឡាការិនីទាំងអស់ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួនដែលបាន ចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា កាយវិការ ដែលកីឡាករ កីឡាការិនីបានអនុវត្តក្នុងការប្រកួតលើកនេះ គឺពិតជាឈរលើស្មារតីគោរពវិន័យ បទបញ្ហាបច្ចេកទេស និង ចេះស្រឡាញ់ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាការពិតណាស់ សកម្មភាពកីឡាគឺ បានផ្តល់នូវសារប្រយោជន៍ចំពោះ ការកែប្រែឥរិយាបថ ការលុប បំបាត់អំពើហិង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសីលធម៌ សុជីវធម៌ ឱ្យបានសមស្របទៅ តាមស្មារតី នៃការលើកកម្ពស់កិត្យានុភាពនៃកេរ្តិ៍ដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និង សេចក្ដីថ្លៃថ្នូររបស់ខ្មែរយើង។

ឯកឧត្តម ស៊្រន សំរិទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបាអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ មេត្តាបន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឱ្យយុវជនងាកមកចូលរួម លេងកីឡា ជៀសវាងទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងចៀសឆ្ងាយពីសារធាតុគ្រឿងញៀន។ ឯកឧត្តមស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ ដែលបានជាប់ជ័យលាភីត្រូវបន្តហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមយកកិត្តិយសជូនក្រុម និងខេត្តរបស់យើង ក្នុងពេលប្រកួតជម្រើសជើងឯកថ្នាក់ជាតិ នាពេលខាងមុខ។

ឯកឧត្តមលើកឡើងទៀតថា នាឆ្នាំ២០២៣ កម្ពុជាមានកិត្តិយស ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ដូច្នេះហើយ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្នុងនាមពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ប្តេជ្ញាចូលរួមគាំទ្រដល់ដំណើរការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ៕ ចាន់់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner