ក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរចំពោះ JICA ក្នុងការឧបត្ថម្ភគម្រោង អប់រំកាយសម្រាប់ទាំងអស់គ្នា
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានកោតសរសើរដ៏ស្មោះចំពោះទីភ្នាក់សហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” នៅក្នុងប្រទេសកម្ពុជា ដែលសំដៅដល់ការរៀនសូត្ររបស់សិស្សានុសិស្សនូវគុណភាពអប់រំកាយពីបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។


នៅក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការអនុវត្តផែនការមុខវិជ្ជាអប់រំកាយគ្រឹះស្ថានបឋមសិក្សា» នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ, ឯកឧត្តមអគ្គនាយកកីឡាបានបន្ថែមទៀតថា គម្រោងនេះបានគ្រោងធ្វើឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឲ្យកម្មវិថីនេះបានជួបប្រទះបញ្ហាជាច្រើន។ ទោះយ៉ាងនេះក្តី ដោយមានការខំប្រឹងប្រែងពីសំណាក់ក្រុមគ្រូឧទ្ទេសថ្នាក់ជាតិ និងសមាជិកគណៈកម្មការបច្ចេកទេស ធ្វើឱ្យយើងអាចបញ្ចប់ការចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ សម្រាប់មធ្យមសិក្សាទុតិយភូមិរួចរាល់ព្រមទាំងទទួលបានប្រកាសអនុញ្ញាតឱ្យបោះពុម្ព និងប្រើប្រាស់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។


មកដល់ពេលនេះ កម្ពុជាយើងមានសៀវភៅកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ។ ដូចនេះ អ្វីដែលជាការជម្នះលើឧបសគ្គបន្ត គឺការដំណើរការខ្លឹមសារនៃមុខវិជ្ជានៅក្នុងសៀវភៅសិក្សាគោលទាំងនោះនៅតាមគ្រឹះស្ថានសិក្សា។ ស្ថិតក្នុងន័យត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឱ្យទៅដល់គោលដៅ ក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ២០២១-២០២២ និងដើម្បីរៀបចំបានផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព និងស្របទៅតាមខ្លឹមសារសៀវភៅកម្មវិធីលម្អិត និងសៀវភៅគ្រូ អង្គការមិនមែនរដ្ឋាភិបាល បេះដូងមាស បានសហការរៀបចំសិក្ខាសាលាស្តីពី ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយក្នុងគ្រឹះស្ថានសិក្សា។ ដើម្បីឆ្ពោះទៅកាន់គោលដៅ នៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយសម្រាប់គ្រឹះស្ថានសិក្សា» នាពេលនេះក៏មានវត្តមានពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនអប់រំកាយផងដែរ។
សិក្ខាសាលានេះត្រូវបានឯកឧត្តម អ៊ុក សិទ្ធិជាតិ លើកបង្ហាញនូវវត្ថុបំណងសំខាន់ៗចំនួន៣ រួមមាន៖ ទី១ គឺក្រោយពេលមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌបានរៀនសូត្ររួចមកហើយក្នុងការបង្កើតផែនការអភិវឌ្ឍ។ ឥឡូវនេះគឺជាពេលដែលមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌ អាចពន្យល់ និងណែនាំបានពីផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយសម្រាប់គ្រឹះស្ថានសិក្សាដែលខ្លួនបានបង្កើតឡើង។


ទី២ គឺតាមរយៈការពន្យល់ខ្លឹមសារនៅក្នុងសៀវភៅកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិពីក្រុមការងារ នឹងជួយដល់លោក លោកស្រីដែលអញ្ជើញមកពីរាជធានីភ្នំពេញ យល់ដឹងបានអំពីអ្វីដែលគ្រូអប់រំកាយនៅតាមសាលារៀន របស់លោក លោកស្រីត្រូវការសម្រាប់ការបង្រៀននៅតាមសាលារៀន។
ទី៣ គឺការយល់ដឹងពីរបៀបពិនិត្យមើលថ្នាក់អប់រំកាយនៅតាមសាលារៀន។ បន្ទាប់ពីឆ្នាំសិក្សាថ្មីដែលបានចាប់ផ្តើមពីខែមករា មក យើងចង់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ចុះពិនិត្យតាមដាន វាយតម្លៃថ្នាក់អប់រំកាយនៅក្នុងខណ្ឌនៃរាជធានីភ្នំពេញ ហើយជួយជ្រោមជ្រែងដល់គ្រូអប់រំកាយ ដើម្បីឱ្យអាចដំណើរការថ្នាក់អប់រំកាយនៅតាមសាលារៀនរបស់ពួកគាត់បានល្អប្រសើរ។
ជាមួយគ្នានោះ គោលបំណងនៃគម្រោង គឺអភិវឌ្ឍ និងផ្សព្វផ្សាយអប់រំកាយបែបថ្មីនៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង។ យើងបានកំណត់នូវសូចនាករថា យ៉ាងហោចណាស់ សាលារៀនចំនួន៥០% បានដំណើរការថ្នាក់អប់រំកាយយ៉ាងពិតប្រាកដទៅតាមកម្រិតនៃភូមិសិក្សា។ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ត្រូវការបង្កើតផែនការ ប្រព័ន្ធអភិវឌ្ឍ និងយុទ្ធសាស្ត្របន្ថែមទៀតឱ្យគ្របដណ្តប់ទៅដល់គ្រប់រាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ហើយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវការលើកម្ពស់ប្រព័ន្ធបណ្តុះបណ្តាល ឬអប់រំគុណភាពគ្រូអប់រំកាយ ដើម្បីឱ្យការផ្តល់គ្រូអប់រំកាយទៅតាមសាលារៀនមានគុណភាព សម្រាប់ការបង្រៀនគុណភាពថ្នាក់អប់រំកាយឲ្យទទួលបានប្រសិទ្ធភាពផងដែរ៕ ចាន់ វិចិត្រ