នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កំពុងបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា ក្រោយការអញ្ជើញមកដល់តាំងពីរសៀលថ្ងៃទី២៣កុម្ភៈនេះមក។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាអាកុប រវាងពីថ្ងៃទី២៣ដល់២៤កុម្ភៈ ត្រូវមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកថាជាដំណើរ ទស្សនកិច្ច បង្ហាញអំពីមិត្តភាព, សាមគ្គីភាពនិងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិង ម៉ា ឡេស៊ី។
នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ នឹងអញ្ជើញដាក់កម្រងផ្កានៅ ព្រះវិមានឯករាជ្យ និងនៅស្តូបព្រះបរមរតនកោដិ មុននឹងបន្តដំណើរមកវិមានសន្តិភាព។ ពិធីរៀបចំទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងគណៈប្រតិភូ នឹងរៀបចំ ធ្វើនៅវិមានរដ្ឋាភិបាល និងក្រោយមកនឹងមានកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ សន្និសីទកាសែតមួយដោយថ្នាក់ដឹកនាំនៃ ប្រទេសទាំង២ នឹងប្រព្រឹត្តទៅ ក្រោយកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំង២ប្រទេស។
ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជានេះផងដែរ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងគណៈប្រតិ ភូ នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជួបសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងវេលាចុងក្រោយមុនដំណើរចាកចេញពីប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹង អញ្ជើញចូលក្រាបថ្វាយ បង្គំគាល់ ព្រះករុណាព្រះ មហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី នៅក្នុង ព្រះបរមរាជវាំង។