ប្រជាជាតិអាស៊ីអាគ្នេយ៍មានប្រតិកម្មចំពោះវិបត្តិអ៊ុយក្រែន ហើយ អំពាវនាវឱ្យគ្រប់ភាគីផ្តល់អាទិភាពដល់ការចរចា និងការទូតដើម្បី បញ្ឈប់ជម្លោះ
បាងកក៖ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនក្នុងប្រទេសអ៊ុយក្រែន បានទាក់ទាញការបង្ហាញពីការព្រួយបារម្ភ និងការថ្កោលទោសពី បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ដោយនិយាយថា សកម្មភាពនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ សន្តិភាពក្នុងតំបន់។ ក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Teuku Faizasyah បាន និយាយថាប្រទេសខ្លួនបានថ្កោលទោសរាល់សកម្មភាពដែលបង្ហាញយ៉ាងច្បាស់ថា ជាការរំលោភលើទឹកដី និងអធិបតេយ្យភាពរបស់ ប្រទេសមួយ។


ក្រសួងបានអំពាវនាវឱ្យគ្រប់ភាគីផ្តល់អាទិភាពដល់ការចរចា និងការ ទូតដើម្បីបញ្ឈប់ជម្លោះប៉ុន្តែខ្លួនក៏បានបង្ហាញជំហរអវិជ្ជមានចំពោះការដាក់ទណ្ឌកម្ម។ នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការបរទេស សិង្ហបុរីបាន បញ្ជាក់ ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការទទួលស្គាល់តំបន់ចំនួនពីរដែលផ្តាច់ខ្លួនពីអ៊ុយក្រែន។ ក្រសួងបានបញ្ជាក់ថាអធិបតេយ្យភាពរបស់អ៊ុយក្រែនត្រូវតែត្រូវបានគោរព។


រីឯប្រទេសថៃវិញ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការ កើន ឡើងនៃភាពតានតឹងក្នុងតំបន់។ រដ្ឋាភិបាលថៃបានបញ្ជាក់ថា ខ្លួនគាំទ្រដល់កិច្ចខិតខំស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា។ យ៉ាងណាមិញ វិបត្តិនៅអ៊ុយក្រែនហាក់នៅឆ្ងាយពីប្រទេស អាស៊ាន ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចក្នុងប្រទេសថៃនិយាយថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ដោយប៉ះពាល់ដល់អតិផរណា និងការនាំចេញ។
ប្រធានសេដ្ឋវិទូនៅធនាគារ CIMB Thai លោក Amonthep Chawla បាននិយាយថា បញ្ហានេះនឹងប៉ះពាល់ដល់ការប្រើប្រាស់ និងផលិតកម្មនៅក្នុងតំបន់។ ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ ជាទូទៅ គឺប្រទេសថៃ ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីនជាដើម។ ដូច្នេះហើយ ទាំងនេះគឺជាហេតុផលដែល ប្រទេស នានានឹងទទួលរងផលប៉ះពាល់កាន់តែច្រើន ដោយលោកក៏ បាន ព្រមានដែរថា ការជាប់ពាក់ព័ន្ធរបស់ចិនក្នុងជម្លោះ នឹងបង្កើន ហានិភ័យ សម្រាប់សេដ្ឋកិច្ចអាស៊ាន៕ប្រភព៖ NHK ដោយ៖ ឈឹម ទីណា