ស្រ្តីមានផ្ទៃពោះ និងមាតាទើបសម្រាលកូនចំនួន៧០នាក់នៅសង្កាត់គោករកា ទទួលអំណោយជាសម្ភារៈ និងថវិកាមួយចំនួនពីក្រុមហ៊ុនទឹកពិសាវីតាល់
ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ និងមាតាទើបសម្រាលកូនចំនួន ៧០នាក់មកពីបណ្ដាភូមិ សហគមន៍ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារៈ និងថវិកា មួយចំនួនពីក្រុមហ៊ុនទឹកពិសាវីតាល់សហការជាមួយកាកបាទក្រមហមកម្ពុជា នៅក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ (ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ)។
លោកចៅសង្កាត់គោករកាមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ ស្ត្រីមកពិនិត្យផ្ទៃពោះ ក្នុងមណ្ឌលសុខភាព គោករកា មានចំនួន ១១៦៦នាក់ ក្នុងនោះបានមកសម្រាកកូនចំនួន ១១៥នាក់ និងនៅដើមឆ្នាំ២០២២នេះ មកពិនិត្យផ្ទៃពោះបានចំនួន ១២៦នាក់ ក្នុងនោះបានមកសម្រាប់កូន ចំនួន ១០នាក់។ ដោយឡែក សម្រាប់កម្មវិធីព្រឹកនេះ មានបងប្អូនស្ត្រីមានផ្ទៃពោះ និងមាតា ទើបសម្រាលកូនចំនួន ៤០នាក់មកពីបណ្ដាភូមិ សហគមន៍ក្នុងសង្កាត់គោករកា ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ២០នាក់ និងមាតាទើបសម្រាលកូនចំនួន ២០នាក់ និងដោយឡែកចំនួន ៣០នាក់ទៀតមិនបានអញ្ជើញចូលរួម ដោយគោរពតាមវិធានសុខាភិបាល។
លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបានមានប្រសាសន៍ថា សុខភាពរបស់មាតា និងទារក គឺជាកក្តាសំខាន់ ហើយថា ការថែទាំងសុខភាព ការពិនិត្យផ្ទៃពោះ ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ស្ត្រីមានផ្ទៃពោះ គឺជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយ ចាំបាច់ត្រូវយកចិត្តទុកដាក់ជាចម្បង។
ជាមួយគ្នានេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនឯកជន ពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលបានសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង និងបានជួប ជាមួយបងប្អូន ជាស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ដែលអញ្ជើញមកពីបណ្តាភូមិ សហគមន៍ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅនេះ។ លោកជំទាវបន្តថា នៅក្នុងស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុន ទឹកពិសាវីតាល់ បានយល់ឃើញច្បាស់ ពីភាពលំបាក និងហានិភ័យមួយចំនួន ដែលអាចកើតឡើង ទៅដល់បងប្អូនស្រី្ត មានផ្ទៃពោះ និងមាតា កំពុងបំបៅដោះកូន។ ដូច្នេះនៅថ្ងៃនេះ ដើម្បីចូលរួមសម្រួល ដល់ស្ថានការណ៍លំបាក ក្រុមហ៊ុនទឹកពិសាវីតាល់ បានសហការជាមួយកាកបាទក្រហមកម្ពុជា ដោយនាំយកនូវគ្រឿង ឧបភោគបរិភោគ មួយចំនួន រួមជាមួយសម្ភារៈសម្រាប់ទារក ទារិកា និងថវិកាមួយចំនួន ជូនដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូននៅទីនេះ ដោយសង្ឃឹមថា អំណោយនៅថ្ងៃនេះ នឹងអាចជួយសម្រួល ដល់ការលំបាករបស់បងប្អូនមួយចំនួន។
ចំពោះសំភារៈដែលវីតាល់ចែកជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូនទាំង ៧០ នាក់ខាងលើ ក្នុងនោះ ៤០នាក់ដែលអញ្ជើញចូលរួមផ្ទាល់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ, ម៉ីជាតិ ១កេសទឹកពិសាវីតាល់ ១កេស, ឃីត ១កញ្ចប់,និងថវិកាចំនួន ៥ម៉ឺនរៀល និងដោយ ឡែកចំពោះស្រ្តីមានផ្ទៃពោះ និងមាតាទើបសម្រាលកូនចំនួន ៣០នាក់ ដែលពុំបានអញ្ជើញ ចូលរួមផ្ទាល់ ក្នុងម្នាក់ៗទទួលបានអង្ករ ១បាវ, មីជាតិ ១កេស, ទឹកពិសាវីតាល់ ១កេស។ សំរាប់រដ្ឋបាលសង្កាត់គោករកា ទទួលបានទឹកវីតាល់ ៣០កេស, មីជាតិ ៣០កស, ឆ័ត្រធំ ៧ដើម និងជូនមណ្ឌលសុខភាពគោករកាទីកវីតាល់ ៣០កេស, មីជាតិ ៣០កេស និងឆ័តធំ ចំនួន ៧ដើម៕ ដោយ៖ ឈឹម ទីណា










