នគរបាលខណ្ឌដង្កោ បញ្ជូនជនសង្ស័យចោរប្លន់ ០៣នាក់ ទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យចោរប្លន់ ០៣នាក់ ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពប្រើអំពើហិង្សា យកដុំថ្មវាយជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ប្លន់យកម៉ូតូម៉ាកហុងដា ០១គ្រឿង បានសម្រេច ខណៈជនរងគ្រោះ កំពុងបណ្តើរម៉ូតូដោយសារម៉ូតូបែកកង់ នៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១យប់ ជនរងគ្រោះឈ្មោះ ថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក រស់នៅភូមិរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GM-6794 ចេញពីកន្លែងផឹកស៊ីនៅដីវាលមួយកន្លែង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈជនរងគ្រោះជិះម៉ូតូដល់ផ្លូវលំ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ស្រាប់តែម៉ូតូបែកកង់ រួចជនរងគ្រោះ ក៏ចុះបណ្តើរម៉ូតូ ពេលនោះ ក៏មានជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកឃ្យូប៊ីក ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ មកធ្វើសកម្មភាព ប្រើដុំថ្មវាក្បាលជនរងគ្រោះ ត្រូវចំថ្ងាសបណ្តាលឱ្យបែកហូរឈាម បន្ទាប់មកមានជនសង្ស័យម្នាក់ បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះទាំងបែកកង់ នាំគ្នាគេចខ្លួនបាត់ ។

លោកអធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា៖ក្រោយពីកើតហេតុរួច លោកក៏បានបញ្ជា និងដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ចុះធ្វើការស្រាវជ្រាវ សហការជាមួយ កម្លាំងគ្រប់បណ្ដាខណ្ឌទាំង១៤ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១យប់ ក៏កំណត់បានជនសង្ស័យម្នាក់ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូដែលប្លន់បានពីជនរងគ្រោះ ដើម្បីទៅរកកន្លែងលក់ នៅម្តុំផ្សារសាំហាន់ ស្ថិតនៅសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ហើយក៏ត្រូវនគរបាលខណ្ឌដង្កោ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង និងកាំបិតកែច្នៃ ០១ដើមផងដែរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ហេង សេងហៃ នេះហើយ កម្លាំងនគរបាល ក៏បន្តចាប់បក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត នៅខណ្ឌមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានឈ្មោះ រុន រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រួមនិងវត្ថុតាង កាំបិតប៉័ងតោចំនួន០១ដើម និងទូរស័ព្ទដៃមាក OPPO ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner