ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន
ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនម៉ូស្គូ៖ ប៉ូលីសរុស្ស៊ីបានចាប់ឃុំខ្លួនមនុស្សជាង ១,៧០០នាក់នៅក្នុងការតវ៉ាមួយប្រឆាំងនឹងសង្រ្គាមនៅទូទាំងទីក្រុងជាច្រើនរបស់ប្រទេសរុស្ស៊ី ខណៈដែលមនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែន។មនុស្សជាច្រើននៅក្នុងប្រទេសរុស្ស៊ីមានការងឿងឆ្ងល់ អំពីផែនការរបស់លោកពូទីន ក្នុងការវាយប្រហារប្រទេសជិតខាងដែលគាំទ្រដោយលោកខាងលិច។ ទីក្រុងម៉ូស្គូបានដេកលក់នៅពេលដែលលោក ពូទីន បានបញ្ជាឱ្យមានការវាយប្រហារតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោកលើអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លីមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នៅពេលដែលកងទ័ពកើនឡើង វិមានក្រឹមឡាំងបាននិយាយថា ខ្លួនប្រាកដណាស់ថា ជនជាតិរុស្ស៊ីនឹងគាំទ្រសង្រ្គាម ហើយថា អ៊ុយក្រែនចាំបាច់ត្រូវរំដោះ និងសម្អាតពួកណាស៊ី។ ប៉ុន្តែជាមួយនឹងឈុតឆាកដ៏រន្ធត់នៃការស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ឥស្សរជនលេចធ្លោជាច្រើនបាននិយាយជាសាធារណៈប្រឆាំងនឹងសង្រ្គាម នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយប្រជាជនរុស្ស៊ីសាមញ្ញរាប់ពាន់នាក់បានជំទាស់នឹងច្បាប់ប្រឆាំងការតវ៉ាដ៏តឹងរ៉ឹងដើម្បីដើរតាមផ្លូវទូទាំងប្រទេស។មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជិតទីលាន Pushkin នៅកណ្តាលទីក្រុងម៉ូស្គូ ខណៈដែលមនុស្សរហូតដល់ ១,០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុងអតីតរដ្ឋធានី Saint Petersburg។ ការប្រមូលផ្តុំគ្នាក៏បានកើតឡើងនៅក្នុងទីក្រុងរាប់សិបទៀតរបស់រុស្ស៊ីផងដែរ។ នេះបើសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន AFP នៅកន្លែងកើតហេតុ៕ ប្រភព៖ Bangkok Post