សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករ២រូបចូលរួមក្នុងការប្រកួត កីឡាទូកក្តោងជើងឯកអាស៊ី ASIAN Sailing Championships 2022 នៅ ប្រទេសអារ៉ាប់រួម
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនក្រុមកីឡាស៊ីហ្គេម២០២៣ កីឡាទូកក្តោង ចំនួន ០២រូបដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូដឹកនាំ ចូលរួមក្នុងការប្រកួត កីឡាទូកក្តោងជើងឯកអាស៊ី ASIAN Sailing Championships 2022 នៅទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ ដែលមានប្រទេសចំនួន ១៨ប្រទេស និងកីឡាករប្រមាណ ២០០នាក់ ចូលរួមប្រកួត។
សម្រាប់កីឡាករទាំង ០២រូប ដោយកីឡាករទី១. កីឡាករ ញ៉ូវ ចាន់ នឹងចូលរួមប្រកួតលើវិញាសា ILCA7 និងកីឡាករទី២. កីឡាករ ប៉ាល់ សិលានឹងចូលរួមក្នុងការប្រកួតលើវិញ្ញាសា Windsurfing RS:X ។ សូមបញ្ជាក់ផងដែរថាប្រភេទវិញ្ញាសា ទាំង០២ ប្រភេទខាងលើសុទ្ធសឹងតែជាប្រភេទវិញ្ញាសា អូឡាំពិក ។
ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ កាលពីខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ យើងបានសង្កេតឃើញថា កីឡាកររបស់កម្ពុជាយើងទទួលបាននូវជោគជ័យ និងបទពិសោធន៍ល្អៗជាច្រើន ប៉ុន្តែដើម្បីឈានទៅរកជោគជ័យសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សហព័ន្ធត្រូវបង្កើនសមត្ថភាពរបស់ក្រុមកីឡាករ តាមរយៈការបញ្ជូនក្រុមកីឡាករ កីឡាការិនីទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍បន្ថែម និងអាចវាស់ស្ទង់សមត្ថភាពជាមួយកីឡាករប្រទេសក្នុងតំបន់ និងទ្វីបអាស៊ី។
សូមបញ្ជាក់ផងដែរថា នេះគឺជាការចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ លើកដំបូងនៃឆ្នាំ២០២២ សំរាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលសហព័ន្ធបានអាកខានបញ្ជូនក្រុមកីឡាករ កីឡាការិនី ចេញទៅធ្វើការហ្វឹកហាត់ និងចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ រយៈពេល ២ឆ្នាំ នៃការរីករាលដាលជាសកលនៃ ជម្ងឺកូវីដ-១៩ ។ ចាន់ វិចិត្រ



