ក្រសួងការបរទេសកម្ពុជា បញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលកំពុងរស់នៅអ៊ុយក្រែន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់អំពីស្ថានភាពប្រជាពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដោយពួកគេទាំងអស់គ្នាមានសុវត្ថិថភាពជាធម្មតាទេ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ថែមលើព័ត៌មានដែលបានជម្រាបជូនកាលពីថ្ងៃទី២៥ ខែកុម្ភ: និងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: សូមជម្រាបជូនថា ដោយមានការសម្របសម្រួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី” លោកបានជួបសន្ទនាដោយផ្ទាល់តាមប្រព័ន្ធតេលេក្រាមជាមួយពលរដ្ឋខ្មែរយើងម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួបានព័ត៌មានថា បច្ចុប្បន្ន មានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន២៣នាក់ដែលកំពង់រស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់។ ពួកគាត់ទាំងអស់គ្នាមានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។ ថ្វីត្បិតចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេស សម្រាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ ទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ។

អ្នកនាំពាក្យបញ្ជាក់ថា រហូតពេលនេះ ការវាយប្រយុទ្ធគ្នានៅមិនទាន់រាលដាលដល់តំបន់ដែលពួកគាត់រស់នៅ នៅឡើយទេ។ ឯកឧត្តមបានសម្របសម្រួលឱ្យមានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងឱ្យពលរដ្ឋទាំង២៣គ្រួសារ ជាមួយស្ថានទូតកម្ពុជានៅទីក្រុងម៉ូស្គូរួចហើយ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនឹងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕
ដោយ:ពលជ័យ

ads banner