បុរសម្នាក់ បើករថយន្ត ១គ្រឿង បុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់ ១ដើម និងរថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ក្នុងល្បឿនលឿគួរសម ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន ១ដើម និងរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខធនាគារស្ថាបនា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ ជាសន្តិសុខយាមនៅធនាគារស្ថាបនា បានប្រាប់បញ្តាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានឃើញរថយន្ត ១គ្រឿង ម៉ាក highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5038 បើកបរដោយបុរសម្នាក់ រួមដំណើរមានគ្នាបីនាក់ បានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តនេះ បានរ៉េចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករះឃឿនផ្លូវ រួចបន្តទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន ១ដើម និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយបានពិនិត្យមើលឃើញថា មានខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner