សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែនរួមមាន៖
១)រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
២)យើងជឿថា នៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់៕

ads banner