សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពរុស្ស៉ីមិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេច្រកចេញតែមួយគត់ គឺ ការចរចាដោយសន្តិវិធី

ភ្នំពេញ៖ ស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែក្តៅឡើងៗគិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃហើយ ដែលកងទ័ពរបស់​រុស្ស៉ី បានវាយចូលកាន់កាប់ ទីក្រុងធំៗ និងតំបន់ជាច្រើននៅក្នុងទឹកដីរបស់អ៊ុយក្រែន។ ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមដែលពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចផងដែរ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឆ្លើយតបនឹងសំណួររបស់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃអាទិត្យនេះ, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជាមួយទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចទាំងស្រុងដូចខាងក្រោម៖

តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ីប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែនតាមរយៈការប្រើប្រាស់កម្លាំងយោធាបាន​ទេ។ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ។ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ ។នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។

ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែននិងរុស្ស៉ីរយៈពេលប៉ុន្មានថ្ងៃមកនេះកម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ? និងកងទ័ពច្រើនប៉ុន្មាន? ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬ ត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ ?ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ។ ចូលក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៊ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយឬនៅ ?។

រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី​២១។ កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថាខ្ញុំគ្មានជំនឿថា​យកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួននិងជ្រកក្រោមជំរកសុវត្ថិភាពគួរឱ្យអាណិត។

កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារចរចារដោយសន្តិភាពជាមួយនឹងនយោបាយឈ្នះឈ្នះកាលពីឆ្នាំ១៩៩៨បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាមក៏អាចថាបានដែរ ហើយនៅពេលនេះខ្ញុំក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន៕(ប្រភព បណ្តាញព័ត៌មាន Fresh News)

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner