សហរដ្ឋអាមេរិក៖ រុស្ស៊ីកំពុងបង្កការគំរាមកំហែងដ៏ធំដល់ពិភពលោក បន្ទាប់ពីប្រកាសដាក់កងកម្លាំងនុយក្លេអ៊ែរឱ្យប្រុងជើងការកម្រិតខ្ពស់

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការដាក់កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ឱ្យមានការប្រុងជើងក្នុងកម្រិតខ្ពស់ គឺជាឧទាហរណ៍នៃការបង្កការគំរាមកំហែងដ៏ធំមិនធ្លាប់មាន។

លោក ពូទីន និយាយថា លោកបានចេញបញ្ជាបែបនេះ បន្ទាប់ពីមន្ត្រីអង្គការណាតូ បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងនឹងរុស្ស៊ី។

លោកស្រី សាគី បានប្រាប់អ្នកសារព័ត៌មាន ABC News លោក George Stephanopoulos ថា នេះពិតជាគំរូមួយ ដែលយើងបានឃើញពីលោកប្រធានាធិបតី ពូទីន តាមរយៈដំណើរនៃជម្លោះនេះ ដែលជាការបង្កការគំរាមកំហែងដ៏ធំមិនធ្លាប់មាន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានបន្ថែមទៀត ដោយលោកស្រីបន្ថែមថា សហគមន៍ពិភពលោក និងប្រជាជនអាមេរិកគួរតែមើលវាតាមរយៈការប្រកាសនោះ។

ការអត្ថាធិប្បាយបែបនេះរបស់សហរដ្ឋអាមេរិកបានកើតមានឡើងបន្ទាប់ពីលោក ពូទីន បានបញ្ជាកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ឱ្យមានការប្រុងជើងការក្នុងកម្រិតខ្ពស់។ លោក ពូទីន បាននិយាយថា លោកបានធ្វើការសម្រេចចិត្តបែបនេះ ដោយផ្អែកលើសេចក្តីថ្លែងការណ៍ឈ្លានពានប្រឆាំងនឹងប្រទេសរបស់ខ្លួនពីសំណាក់បណ្តាប្រទេសអង្គការណាតូ។ បន្ថែមលើនេះ លោក ពូទីន ក៏បានថ្កោលទោសទណ្ឌកម្មដែលដាក់ដោយលោកខាងលិចថា ជា “ទង្វើខុសច្បាប់”ផងដែរ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner