ធុងសំរាម ចំនួន ២១ធុង ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ស៊ិន ទ្រី ចុះដាក់ នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និង តាមទីវត្តអារាម ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ស៊ិនទ្រី ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ចុះដាក់ពង្រាយធុងសំរាម នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម ក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃភូមិសាស្រ្តខណ្ឌមានជ័យ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង បានលើកឡើងថា ការដាក់ពង្រាយធុងសំរាម តាមសួនច្បារ ផ្លូវសាធារណៈ និង តាមទីវត្តអារាម នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យយើងនេះ គឺគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ តាមសួនច្បារ និង តាមទីវត្តអារាម ងាយស្រួល វិចខ្ចប់ និង ទុកដាក់សំរាម ក្នុងធុងសំរាមបានត្រឹមត្រូវ ជៀសវាងការបោះចោលសំរាមពាសវាលពាសកាលនាំអោយបាត់បង់សោភ័ណ្ឌភាពទីក្រុង ។

ជាមួយគ្នានេះដែរ លោកអភិបាលរង បានបន្ថែមទៀតថា នៅក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និង ការប្រមូលសំរាម ចេញពីមូលដ្ឋានសង្កាត់ទាំង៧ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន ០៣ មានការប្រកួតប្រជែងគ្នាមក ដោយខណ្ឌមានជ័យ ដេញថ្លៃបានដោយក្រុមហ៊ុន Cintri cambodia ដែលបានចុះប្រមូលសំរាមទាន់ពេលវេលាមិនអោយមានការកកស្ទះសំរាមដូចមុនទៀតទេ ។

គួរបញ្ជាក់ដែរថា ក្នុងការដាក់ពង្រាយធុងសំរាម នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និង តាមទីវត្តអារាម មានចំនួន ២១ធុងសំរាម ០៣ ទីតាំង ដូចខាងក្រោម ៖
១. នៅសួនស្តុបលូបប្រាំ ចំនួន ០៦ ធុង។
២. នៅវត្តនន្ទមុនី ចំនួន ០៨ ធុង ។
៣. នៅវត្តស្ទឹងមានជ័យ ចំនួន ០៧ធុង ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner