ស្រ្តីប្រមាណ ៦១ភាគរយជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយនៅកម្ពុជា

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ ៦១ភាគរយដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជារបស់យើង។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ”ដែល រៀបចំធ្វើឡើងតាមប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងថា តាមការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

សូមបញ្ជាក់ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិ៨មិនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner