អគារស្នាក់ការគណកម្មាធិការគណបក្សឃុំស្រយង់ថ្មី តម្លៃ ១១៥លានរៀល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តព្រះវិហារ ៖ អគារស្នាក់ការថ្មី នៃគណកម្មាធិការគណបក្សប្រជាជនឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាសមិទ្ធផលថ្មី និងបានចំណាយទឹកប្រាក់អស់ ១១៥លានរៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមមាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២២ ។


លោក សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកគូលែន បានរាយការណ៍ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ១ខ្នងនេះ ពីមុនមក គឺជាអគារចាស់ទ្រុឌទ្រោម។ ប៉ុន្តែ ឥឡូវត្រូវបានកសាងឡើងជាថ្មី ទំហំ ៩ម×៧ម ធ្វើពីថ្ម ដំបូលប្រក់ក្បឿង ក្រាលការ៉ូ និងបានចំណាយថវិកាអស់ចំនួន ១១៥លានរៀល បានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម មាស សុភា និងការចូលរួមឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា ផងដែរ ។


លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ បានថ្លែងថា ជាយុទ្ធសាស្ត្រ និងទិសដៅរបស់ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានដាក់ចេញនូវទិសដៅ ពន្លឿនលើការសាងសង់អគារទីស្នាក់ការគណបក្ស ឱ្យបានគ្រប់ឃុំ-សង្កាត់ទាំង ៥១ នៅទូទាំងខេត្ត ។


ឯកឧត្តម មាស សុភា បានផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាឲ្យបានរឹងមាំ ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ត្រូវកសាងអំពើល្អជាមួយប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានា ជាប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង និងលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យគង់វង្សគង់វង្ស ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ ហើយក៏កុំភ្លេចនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យខាងតែបានដាច់ខាត ៕ ដោយ៖ឡុង សំបូរ

