កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់
ក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ កាលពីយប់ថ្ងៃ២៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ពាក់ព័ន្ធករណីឃាត់កម្ម (ប្លន់សម្លាប់) ។
យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មរគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន(ប្លន់សម្លាប់) ជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ ៥១ឆ្នាំ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០២២ នៅចំនុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។


ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រកដមែន ដោយយកអង្រែបុកគ្រឿងវាយក្បាល ជនរងគ្រោះពីក្រោយចំនួន ៥អង្រែទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនយកកាំបិតអារក ជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យស្លាប់ និងបានដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។
នៅក្នុងប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតនូវវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿង, ខ្សែកចំនួន ២ខ្សែ, ខ្សែដៃចំនួន ២ខ្សែ ,ជញ្ជៀនចំនួន ២វង់ ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល, ប្រាក់បាត ១០០បាត និងប្រាក់ដុងចំនួន ៥០០០ដុង ។ ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួន និងរក្សាទុក នៅមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស អាវុធហត្ថខេត្តក្រចេះ ដើម្បីបន្តចាត់ការតាមនិតិវិធី ៕ ដោយ ម៉េង គាង
