សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីជម្រុញការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍនកីឡាមួយនេះឲ្យកាន់តែល្អប្រសើរ
សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីជម្រុញការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍនកីឡាមួយនេះឲ្យកាន់តែល្អប្រសើរ នៅកម្ពុជា ជាពិសេសឲ្យក្រុមកីឡាគ្រីឃីតជាតិជនពិកា មានឪកាសចូលរួមការប្រកួតលើឆាកអន្តរជាតិ ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងលោក សែន វិទ្យា ប្រធានសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានបង្ហាញពីឆន្ទៈ និងគោលបំណងរួមគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍនកីឡាគ្រីឃីត នៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ជាមួយគ្នានេះ វាក៏ជាការបង្កើតទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ដើម្បីអភិវឌ្ឍប្រភេទកីឡា (Cricket GAME) ព្រមទាំងចូលរួមង្កើតឲ្យមានក្រុមកីឡាគ្រីឃីតជាតិជនពិកា ដើម្បីចូលរួមការប្រកួតកម្រិតអន្តរជាតិ ។ តាមរយៈការគាំទ្រ និងការចូលរួមកិច្ចសហប្រតិបត្តិការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា នឹងក្លាយជាស្ថាប័នគ្រប់គ្រងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដើម្បីតែងតាំងក្រុមកីឡាគ្រីឃីតជាតិសម្រាប់ជនពិកា ។ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានប្រកាសតែងតាំងជាផ្លូវការឯកឧត្តម យី វាសនា ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជាផងដែរ ។
តាមការចុះអនុស្សរណៈយោគយល់គ្នានេះដែរ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ក៏បានប្រកាសពីការត្រៀមក្រុមកីឡាជនពិការជិះរទេះចំនួន១១រូប ចូលរួមប្រកួតព្រឹត្តិការណ៍ពានរង្វាន់ T-20 Asia Cup នាខែមករា-កុម្ភៈ ឆ្នាំ២០២៣ខាងមុខ នៅប្រទេសប៉ាគីស្ថានផងដែរ ។
គួររម្លឹកថា សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ និងចូលជាសមាជិកភាពពេញសិទ្ធិតំណាងឲ្យកម្ពុជារបស់សហព័ន្ធគ្រប់គ្រងកីឡាអាស៊ី សម្រាប់កីឡាជនពិការ (Asian Turf & Track Federation-ATTF) និងត្រូវបានទទួលស្គាល់ជាផ្លូវការជាសមាជិកភាពពេញសិទ្ធិតំណាងឱ្យកម្ពុជារបស់ក្រុមប្រឹក្សាកីឡាគ្រីឃីតជនពិការអន្តរជាតិ (International Wheelchair Cricket Council-IWCC) ផងដែរ ។
សូមបញ្ជាក់ថា សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា (CRICKET FEDERATION CAMBODIA ASSOCIATION) គឺជាសមាគមកីឡាមិនស្វែងរកប្រាក់ចំណេញ ហើយបានដំណើរការនូវសកម្មភាពរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាមបទបញ្ញាត្តិស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ចាន់ វិចិត្រ









