ឯកឧត្តម ម៉ុម សារឿនលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងភាគច្រើនគឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្តាំ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖   រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រារព្ធទិវាអន្តរជាតិ ដើម្បីរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកលើកទី១៤ រៀបចំដោយមន្ទីរសាធារណ:ការ និងដឹកជញ្ជូន នៅរដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿន គណអភិបាលខេត្ត ។
លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានលើកឡើងថា៖  អាត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឆ្នាំ២០១៩នេះ បានកើតឡើងចំនួន៧០ករណី លើ៥៦ករណី នេះបើប្រៀបធៀបរយ:ពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ឃើញថាមានការកើនឡើងចំនួន១៤ករណី ស្មើនិង២៥% ។ លោកស្នងការរង បានបន្តឲ្យដឹងទៀតថា:ក្នុងនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់សរុបចំនួន៣១នាក់ ស្រី០៣នាក់លើ៣៧នាក់ឃើញថាមានការថយចុះ០៦នាក់ ស្មើនិង១៦% ។ រីឯករណីរបួស សរុបមានចំនួន១១៦នាក់ ស្រី២៣នាក់ លើ៧០នាក់ ឃើញថាមានការកើនឡើង៤៦នាក់ ស្មើនិង៦៦% ដោយក្នុងនោះរបួសធ្ងន់៧៥នាក់ ស្រី១៤នាក់និងរបួសស្រាល៤១នាក់ស្រី០៩នាក់ផងដែរ ។
ពាក់ព័ន្ធ និងបញ្ហាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋាន ក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថា:បញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ភាគច្រើនគឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព និងការបើកបរដោយមិនប្រកាន់ស្តាំ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់បាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនអស់ជាច្រើនទៀតផង ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ កូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច រាល់ពេលធ្វើដំណើរទៅណាមកណា តាមទោចក្រយានយន្ត ហើយជាពិសេសទៅទៀតនោះ គឺអាជ្ញាធរពាក់ព័ន្ធរួមនិងសមត្ថកិច្ចជំនាញតែម្តង គឺត្រូវជួយផ្សព្វផ្សាយអប់រំណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ។
ហើយនៅទីបញ្ចប់ក្នុងកម្មវិធីនោះ ថ្នាក់ដឹកនាំខេត្ត បានផ្តល់កិត្តិយស ពាក់មួកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីចូលរួមក្នុងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្រោមទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕
                 ដោយ:ដេង ម៉ាវិន

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner