សិស្សជាប់និទ្ទេសA ៦នាក់ ទទួលបានការឧបត្ថម្ភ និងការសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេសA ក្រោយប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំសិក្សា២០២១កន្លងទៅថ្មីៗនេះ ទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលពិធីនេះរៀបចំឡើង នៅឯសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។


ឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញប័ត្រ មធ្យមសិក្សាទុតិយភូមិទាំង ៦រូប និងបានអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ជាដើម ។


ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់សិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឲ្យក្លាយជាកូនល្អសិស្សល្អ និងយុវជនល្អ ត្រូវខិតខំព្យាយាមរៀនសូត្រ ទើបទទួលបានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិ
វឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។


សូមបញ្ជាក់ថា សិស្សនិទ្ទេសA ទាំង ៦នាក់ទទួលបានថវិកាចំនួន ៣លាន២០ម៉ឺនរៀល និងលោកនាយកសាលា លោកគ្រូអ្នកគ្រូចំនួន ២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និងសិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធចំនួន ៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺរៀលផងដែរ ៕ ប្រភព ៖ ខេត្តស្ទឹងត្រែង
