ផ្លូវបេតុងចំនួន៥ខ្សែ ប្រវែង៣៩៩០ម៉ែត្រ ស្ថិតនៅដងផ្លូវតាអុច ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់

អត្ថបទដោយ៖
Kien Sereyvuth

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៥ខ្សែ ប្រវែង ៣៩៩០ម៉ែត្រ និងដាក់លូ ក្នុងក្រុងសៀមរាប កាលពីព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩  ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ស្ថិតនៅដងផ្លូវតាអុច ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។ ការស្ថាបនាផ្លូវបេតុងទាំង០៥ខ្សែនេះ ធ្វើឡើងដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែប សៀមរាប ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្ត បានលើកគម្រោមថវិកា សាងសង់ផ្លូវចំនួន១៧គម្រោង ក្នុងក្រុងសៀមរាប ហើយផ្លូវទាំង៥ខ្សែនេះ គឺស្ថិតក្នុងចំណោមផ្លូវនៃគម្រោងទាំង១៧ខ្សែនេះផងដែរ ។  ការបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង៣៩៩០ម៉ែត្រ នាពេលនេះ រួមមាន ទី១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ មុខ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង ប្រវែង ១ពាន់២៥៩ម៉ែត្រ ,ទី២-សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគ ទេព ប្រវែង ៧៩០ម៉ែត្រ , ទី៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ មុខ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច មានប្រវែង ៣៣៥ម៉ែត្រ , ទី៤-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់ ប្រវែង ៧៣០ម៉ែត្រ និង ទី៥-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ មុខ០,៨ម៉ែត្រ នៅភូមិតាវៀន ពីភោជនីយ ដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង ប្រវែង ៨៨៥ម៉ែត្រ ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជម្រុញឲ្យរៀបចំបណ្តាញលូ ប្រឡាយឲ្យបានរួចរាល់មុនពេលដំណើរការសាងសង់ផ្លូវ ព្រមទាំងការរៀបចំបណ្តាញក្រោមដីនានាផងដែរ។
លោក ពិន ប្រាកដ ក៏បានសុំការអធ្យាស្រ័យពីបងប្អូន នូវរាល់ផលប៉ះពាល់ ព្រមទាំងបានសំណូមពរដល់បងប្អូនឲ្យមានការចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវទាំងអស់ និង ចូលរួមក្នុងការរៀបចំប្រព័ន្ធលូ តាម មុខផ្ទះរបស់បងប្អូន ។ លោកក៏បានគូសបញ្ជាក់ថា ការរៀបចំដាក់ប្រព័ន្ធលូនេះ គឺធ្វើឡើងដោយកងវិស្វកម្មសម្តេចតេជោ សហការជាមួយចៅសង្កាត់ ដោយមិនបានអនុញ្ញាឲ្យបងប្អូនប្រជាពលរដ្ឋធ្វើទៅតាមអំពើចិត្តរបស់ខ្លួនឡើយ គឺដើមី្បរៀបចំឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស  ។  ក្នុងនោះ ដែរលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់បណ្តាមន្ទីរ អង្គភាព និង ក្រុមហ៊ុន ដែលមានការពាក់ព័ន្ធ  ក្នុងការជីកបង្កប់ប្រព័ន្ធបណ្តាញក្រោមដី ត្រូវមកធ្វើការទំនាក់ទំនងជាមួយកងវិស្វកម្ម ដែលកំពុង ធ្វើការស្ថាបនាផ្លូវទាំងនេះ ដោយបច្ចុប្បន្នបានកំពុងធ្វើការ ដាក់លូកាត់ផ្លូវ តែនៅពេលដែលការស្ថាបនាផ្លូវបានបញ្ចប់រួចរាល់ហើយនោះ អាជ្ញាធរខេត្ត គឺមិនអនុញ្ញាតឲ្យធ្វើការជីកកកាយ កប់  បណ្តាញទាំងនោះឡើយ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner