ប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ ទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត
ប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣០៥នាក់ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប កាលព្រឹកថ្ងៃសៅរ៍ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមវត្តមាន លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត
តាមសេចក្តីរាយការណ៍របស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣០៥នាក់នេះ គឺបានអញ្ជើញមកពីក្រុងសៀមរាបចំនួន ២២៦នាក់ ស្រុកពួកចំនួន ៤៨នាក់ និងស្រុកប្រាសាទបាគង ចំនួន ៣១នាក់ រួមទាំងបងប្អូនជនពិការផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ក៏បានពាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាព ជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជម្ងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលកន្លងមកតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់ ។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានផ្ដល់នូវ សារអប់រំសុខភាព របស់សម្ដេចប្រធាន ផងដែរជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺសូមបងប្អូនជនរួមជាតិទាំងអស់ ពិសេសក្មួយៗជាយុវជន យុវនារី ត្រូវស្វែងយល់ឲ្យបានជាប្រចាំនូវចំណេះដឹង ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិពីការរីករាលដាលនៃមេរោគអេដស៍ និង សូមឲ្យប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទទួលបានសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ។ ចំពោះបងប្អូនស្ត្រីមានផ្ទៃពោះទាំង ឡាយ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក និង ត្រូវបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬ ការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនង រួមភេទ ។ ក្នុងនោះដែរលោកជំទាវក៏បាន សម្តែងនូវការអាណិត អាសូរចំពោះបងប្អូនស្ត្រី ដែលទទួលរងការមាក់ងាយ និង រើសអើងពីអ្នកដទៃ ដែលកាន់តែធ្វើឲ្យពួកគាត់បាក់ទឹកចិត្ត ពីទង្វើទាំងនេះ ។
អំណោយមនុស្សធម៌ដែលបានជូនបងប្អូនម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម សាប៊ូក្រអូ២ដុំ អង្ករ៣០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប







