ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា.ថៃ ខេត្តបន្ទាយមានជ័យត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ។


ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន ១៧ប៊ីលាន ១៣លានរៀល។ អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់ ៣ជាន់ បំពាក់ឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។


ឯកឧត្តមបន្តថា ទន្ទឹមគ្នានេះក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញនិងមកដល់ចំនួន២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។


សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជម្នះការលំបាកផ្សេងៗរហូតធ្វើឱ្យសម្រេចបានសមិទ្ធដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។


សម្ដេចក្រឡាហោម បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោយប៉ែត និងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត។
សម្ដេចបានគូសបញ្ជាក់ថាច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ ៕ ដោយ-រ៉ាវុធ