ពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”
រាធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្នុងគោលបំណងរំលេចឱ្យឃើញថាស្ត្រី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ និងជំរុញឱ្យអ្នកពាក់ព័ន្ធ បន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។


ពិធីអបអរសាទរនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាពនិងអភិវឌ្ឍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពីសមាសភាពថ្នាក់ដឹកនាំ និងមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។


ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានមតិសំណេះសំណាលជាមួយអង្គពិធីទាំងមូល ជាមួយការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ការរំលឹកនូវប្រវត្តិទិវាសិទ្ធិនារីអន្តរជាតិ រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្រោមការដឹកនាំរបស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ លើកកម្ពស់ និងផ្ដល់ឱកាស ឱ្យស្រ្ដីគ្រប់រូបបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ ដើម្បីសុខសន្ដិភាព ចីរភាព និងវឌ្ឍនភាព។ លោកជំទាវ ក៏បានរាយការណ៍ពីសមិទ្ធិផលសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់លំដាប់ថ្នាក់។


ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធិផលការងារនារីក្នុងវិស័យអប់រំ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំយ៉ាងសកម្ម។ ក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែបន្ដអនុវត្តយុទ្ធសាស្រ្ដបញ្រ្ជាបយេនឌ័រក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ លើកទឹកចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់សិស្ស និស្សិតស្រី និងផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ គោលនយោបាយអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤៕ ចាន់ វិចិត្រ

