ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញពិនិត្យមើលការប្រើប្រាស់ផ្ទៃដីចម្ការមីនបោសម្អាតរួច និងជួបអ្នកទទួលផលនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ចុះពិនិត្យមើលការប្រើប្រាស់ផ្ទៃដីចម្ការមីនបោសម្អាតរួច និងជួបសំណេះសំណាលជាមួយអ្នកទទួលផលស្រុកស្វាយចេក និងអូរជ្រៅ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកស្រី អាលីហ្សា ចាកហ្គឺ (Allissar Chaker) តំណាង UNDP ប្រចាំនៅកម្ពុជា, លោក រីអាន ថាយយ័រនី (Ryan Tierney )លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី យៀកយុង ជី(Yeakyung Ji )នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA។

ផ្ទៃដីបោសសម្អាតរួចត្រូវចុះពិនិត្យមានចំនួន ០២កន្លែង រួមមានទី១/. លេខ LR/22478 មានផ្ទៃដី ៥៤.៥០៣ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្វាវលើ ឃុំស្វាយចេក ស្រុកស្វាយចេក មានអ្នកទទួលផលចំនួន ២គ្រួសារ សរុបចំនួន ៩នាក់ និងទី២/.លេខ LR/23132 មានផ្ទៃដី ២១.០៥០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិសុភីជើង ឃុំសុភី ស្រុកអូរជ្រៅ មានអ្នកទទួលផល៣គ្រួសារ សរុបចំនួន ១៣នាក់ ដែលផ្ទៃដីទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការធ្វើស្រែ និងដាំដំឡូងមី។

លោក ប៊ឹង ស្រួច សមាជិកក្រុមប្រឹក្សាឃុំស្វាយចេក មានប្រសាសន៍ថា ទីតាំងបោសសម្អាតនេះ គឺជាទឹកដីអតីតសមរភូមិក្តៅសំបូរទៅដោយគ្រាប់មីន ប៉ុន្តែដោយសារតម្រូវការចាំបាច់ និងខ្វះដីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ប្រជាពលរដ្ឋដែលជាម្ចាស់ដី បានសម្រេចឈួសឆាយដីនេះទាំងប្រថុយប្រថាន ព្រមទាំងបានរកឃើញគ្រាប់មីនជាច្រើន ហើយត្រូវផ្អាកវិញ រង់ចាំកម្លាំងបោសសម្អាត រហូតដល់មានការបោសសម្អាតត្រឹមត្រូវក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៍បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួចឲ្យបានច្រើននិងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឲ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។ លោកបានណែនាំឲ្យប្រជាពលរដ្ឋត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណាដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner