សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្តូរក្បាលម៉ាស៊ីនដឹកនាំដើម្បីលើកទឹកចិត្តលើស្មារតី ស្រឡាញ់ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងគោលដៅឆ្លើយតបទៅនឹងវឌ្ឍនភាពរបស់វិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទទួលការគាំទ្រ១០០%ពីសមាជិកសហព័ន្ធកីឡាវាយកូនឃ្លីលើតុ តាមរយៈមហាសន្និ បាតវិសាមញ្ញា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិក (NOCC) បន្ទាប់ប្រធានសហព័ន្ធចាស់ លោកឧកញ៉ា រ័ត្ន សាខន បានលាឈប់ពីដំណែង។
មហាសន្និបាតវិសាមញ្ញត្រូវបានធ្វើក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដើម្បីធ្វើជាសាក្សី និងគាំទ្រដល់ចលនាកីឡាវាយកូនឃ្លីលើតុកម្ពុជា។ សមាសភាពប្រតិបត្តិថ្មីនេះត្រូវបានគាំទ្រពីប្រធានអូឡាំពិកកម្ពុជាជាមួយនឹងការលើកទឹកចិត្តលើស្មារតី ស្រឡាញ់ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងគោលដៅឆ្លើយតបទៅនឹងវឌ្ឍនភាពរបស់វិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
សមហាសន្និបាតបានអនុម័តសមាសភាពសមាជិកប្រតិបត្តិបន្ដអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ ដែលមានចំនួន១៣រូប ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន អមដោយអនុប្រធាន៤រូប គឺលោក ដួង ហេង, លោក ពុំ វិត្យា, លោក សុខ វិសាល និងលោក លី សេងឃុង និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ, លោក ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហេរញ្ញឹក, លោក ចាន់ ពិសិដ្ឋ ជាអគ្គលេខាធិការរង និងសមាជិករួមមាន លោក អ៊ឹង ប៊ុនឃាង, លោក អម សុផាណា, លោក រស់ ជាតិ និងលោក ដួង វណ្ណា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា មហាសន្និបាតវិសាមញ្ញាគឺជាសក្ខីភាពនៃការកែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានឯកភាពគ្នា ក្រោយពីយើងបានធ្វើផែនការរៀបចំយុទ្ធសាស្រ្តឆ្ពោះទៅរៀបចំទទួល ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «យើងតែងតែដាស់តឿន ក្រើនរំឭកដល់សហព័ន្ធកីឡាជាតិទាំងអស់ នៅក្នុងការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ដោយត្រូវតែកែប្រែទម្រង់គ្រប់គ្រង ដឹកនាំ រចនាសម្ព័ន្ធ សម្រាប់សហព័ន្ធកីឡាជាតិណា ដែលមិនប្រក្រតី មិនរីកចម្រើននោះ ហើយត្រូវបាន សម្រួលមកឲ្យមានការគ្រប់គ្រងដឹកនាំជាថ្មី ដើម្បីតម្រង់ទិសឆ្ពោះទៅ ស៊ីហ្គេម នៅកម្ពុជា»។
ចំពោះការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះត្រូវបានឯកឧត្តមអះអាងថា ដោយសារប្រធានចាស់សុំឈប់មិនធ្វើសកម្មភាព ដែលធ្វើឲ្យមានបញ្ហាផ្ទៃក្នុង និងមិនមាន ដំណើរការអភិវឌ្ឍក្នុងរយៈពេលចុងក្រោយនេះ ដូច្នេះហើយទើបយើងត្រូវធ្វើកំណែទម្រង់ថ្មីឡើងវិញ ដើម្បីជំរុញដល់ការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរតទៅមុខទៀត។
ក្រោយទទួលបានការគាំទ្រនិងការអនុម័តតាមគោលការណ៍ឲ្យធ្វើជាប្រធានសហព័ន្ធ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន បន្ដពីប្រធានសហព័ន្ធចាស់ ពិសេសលោកបានសន្យាពង្រឹងលើការងារសំខាន់ៗចំពោះបន្ទាន់មួយចំនួន ដូចជាការរៀបចំជួសជុលហេដ្ឋារចានា សម្ព័ន្ធសហព័ន្ធ កន្លែងហ្វឹកហាត់ សម្ភារៈហ្វឹកហាត់ និងផ្ដល់នូវការលើកទឹកចិត្តពិសេស ចំពោះការខិតខំ និងយកចិត្តទុកដាក់របស់កីឡាករ-កីឡាការិនីឆ្នើមជាដើម៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner