ក្រសួងទេសចរណ៍ ផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»
(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ អគ្គាធិការដ្ឋាន ព្រមទាំងមន្ត្រីនារីក្នុងជួរធ្វើសេចក្តីសម្រេចនៅតាមនាយកដ្ឋាននានាក្រោមឱវាទក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ បាននិងកំពុងរៀបចំយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១១ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការកំណត់យកមូលបទសម្រាប់ឆ្នាំនេះ សំដៅលើការលើកកម្ពស់និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ» និងការងារបញ្ជ្រាបយេនឌ័រដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានានូវចីរភាពនៃសន្តិភាពនិងកិច្ចអភិវឌ្ឍ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០។
ក្នុងន័យខាងលើនេះ និងស្របតាមបរិការណ៍បច្ចុប្បន្ន ដែលបណ្តាប្រទេសនានានិងដៃគូពាក់ព័ន្ធ រួមទាំងយើងទាំងអស់គ្នា កំពុងស្ថិតក្នុងដំណើរការនៃរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ការសម្របខ្លួននៅក្នុងរបៀបរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំដើម្បីចីរភាព ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាពនិងកាន់តែចាំបាច់ ដើម្បីធានាថាស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនឤចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសរំលេចផងដែរថាវិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកថាជា «មាសបៃតង»។ ការជំរុញភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង ត្រូវបានចាត់ទុកជាអាទិភាពនិងជារបៀបវារៈដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របតាមរបៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បាននិងកំពុងស្វែងរកលទ្ធភាពនានា ដើម្បីជំរុញនិងលើកកម្ពស់តួនាទីស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងផង៕ ចាន់ វិចិត្រ

















