ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដូសជំរុញ និងដូសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺ covid-19

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដូសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជម្ងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស covid 19 ប្រភេទបំប្លែងថ្មី អូមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង ១៤ត្រូវជំរុញឱ្យប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឲ្យបានគ្រប់គ្នា។

នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២២ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤ និងមន្ទីរពាក់ព័ន្ធ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករ កម្មការនី រោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង ។ ករណីនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាមរោងចក្រ ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រសហគ្រាសនានាដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសជម្រុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជម្រុញនេះដល់រោងចក្រតែម្តង។

បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ ភូមិ ធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។

ឯកឧត្តម បន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដូសមូលដ្ឋានឱ្យបានគ្រប់គ្នា ។ ឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញឱ្យអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner