គណៈកម្មការអឺរ៉ុបព្រមានថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីអាចនឹងជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប

ព្រុចសែល ៖ ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Paolo Gentiloni នៅថ្ងៃពុធព្រមានថា សង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៊ីអាចនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលរបស់សហភាពអឺរ៉ុប ព្រមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្លុកនេះជាប់គាំង។

លោក Gentiloni បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ថា អឺរ៉ុបអាចនឹងជួបប្រទះបញ្ហាក្នុងការផ្គត់ផ្គង់ធនធានថាមពល… ជាពិសេសការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ហើយចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់លទ្ធផលបែបនេះ។ លោក Gentiloni បន្ថែមថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទំនងជានឹងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច រួមទាំងប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ, បង្កើនសម្ពាធលើតម្លៃថាមពលបន្ថែមទៀត, ការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់បន្ត និងផលប៉ះពាល់ទំនុកចិត្តដែលយើងមិនគួរវាយតម្លៃទាប។

សេចក្តីថ្លែងការណ៍របស់លោក Paolo Gentiloni បានកើតមានឡើងបន្ទាប់ពីការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា អតិផរណានៅក្នុងប្លុកនេះបានកើនឡើងដល់កម្រិតខ្ពស់ថ្មីរហូតដល់ ៥.៨% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធនធានថាមពលដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ដោយបំពេញតម្រូវការឧស្ម័នធម្មជាតិប្រមាណ ៤០% និងផ្គត់ផ្គង់ជិតមួយភាគបីនៃការនាំចូលប្រេងឆៅរបស់ខ្លួន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner