អ៊ុយក្រែនអះអាងពីការមកដល់បន្ថែមទៀតនូវជំនួយយន្តហោះចម្បាំងគ្មានមនុស្សបើករបស់តួកគី
កៀវ ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អាឡិចស៊ី រ៉េសនីកូវ (Alexey Reznikov) បានអះអាងនៅថ្ងៃពុធសប្តាហ៍នេះ តាមរយៈ Facebook ថា ប្រទេសតួកគីបានប្រគល់យន្តហោះចម្បាំងគ្មានមនុស្សបើក Bayraktar TB2 បន្ថែមទៀតមកកាន់ទីក្រុងកៀវ។ ទន្ទឹមគ្នា រដ្ឋាភិបាលតួកគីមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញសេចក្តីថ្លែងការណ៍នេះនៅឡើយទេ។
យន្តហោះគ្មានមនុស្សបើក “Bayraktars ថ្មីត្រូវបានបញ្ជូន និងដាក់ពង្រាយសម្រាប់ការប្រយុទ្ធ។ វានឹងមាន Stingers និង Javelins ជាច្រើនទៀត ដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ចង់សំដៅលើយន្តហោះគ្មានមនុស្សបើក Baykar Bayraktar TB2 ផលិតនៅតួកគី និងប្រព័ន្ធប្រឆាំងយន្តហោះចល័ត រួមទាំងអាវុធប្រឆាំងរថក្រោះដែលផលិតដោយសហរដ្ឋអាមេរិក។ លោក រ៉េសនីកូវ បាននិយាយថា ការផ្តល់ជំនួយយោធារបស់បរទេសដល់ទីក្រុងកៀវកំពុងត្រូវបានបង្កើនឡើង… អឺរ៉ុបកំពុងក្លាយជាឆ្អឹងខ្នងរបស់យើង ហើយផ្តល់អ្វីដែលយើងត្រូវការចាំបាច់សម្រាប់ការពារប្រទេស។
ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា យើងនៅជួរមុខនៃពិភពសេរី… រដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗក៏ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានសន្យាថា នឹងដឹកជញ្ជូនជំនួយយោធាទៅកាន់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសហភាពអឺរ៉ុបបានប្រកាសកញ្ចប់ជំនួយដ៏ច្រើនរហូតដល់ ៤៥០លានអឺរ៉ូ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា




