បញ្ហាអន្តរជាតិសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយតំណាងពិសេសរបស់ប្រមុខការទូតចិន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សា ការងារជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវយ៉ាង យ៉ាន់យី បានផ្លាស់ប្តូរទស្សនៈគ្នា និងបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដែលកំពុង កើនឡើងរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិង ការកសាងសហគមន៍វាសនារួម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រទេសចិនដែលបានរៀបចំជោគជ័យនូវព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកជំទាវ យ៉ាង យ៉ាន់យី បាននាំនូវការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំចិនថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡានេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។


ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរអរគុណចំពោះប្រទេសចិនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍ សង្គម- សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសង្ឈឹមចង់ឃើញការហោះហើរត្រង់រវាងទាំងពីរចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងធុរកិច្ច។
លោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។
ចំពោះបញ្ហាក្នុងតំបន់ និងសកលលោក ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់យីបានអះអាងសារជា ថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ក៏ដូចជារវាងអាស៊ាន-ចិន ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់យី ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃភាពជាដៃគូអាស៊ាន-ចិន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ហើយបានសម្តែងនូវការពេញចិត្តចំពោះការប្រារព្ធប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសអាស៊ាន- ចិន កាលពីឆ្នាំមុន ដើម្បីរំឭកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិនជាពិសេសការ លើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនឹងគ្រោងធ្វើឡើងនៅចុងខែនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានជាពិសេសដើម្បីបញ្ចប់អំពើហិង្សាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។
លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវក៏បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាផងដែរ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងដើរតួនាទីស្ថាបនាក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ពលជ័យ

