ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់អំពីការទៅចូលរួមការពាររបាយការណ៍ជាតិគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប
ភ្នំពេញ៖ ប្រតិភូអន្តរក្រសួងកម្ពុជា ដើម្បីការពាររបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងធ្វើការបកស្រាយពន្យល់បំភ្លឺឆ្លើយតបពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិមនុស្សជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិផ្នែកនយោបាយដែលកន្លងមកមានក្រុមប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងបានធ្វើការរិះគន់ចោទប្រកាន់ និងបានធ្វើការវាយប្រហារមកលើរដ្ឋាភិបាលដែលខុសពីការពិត ដែលលមានភាពលំអៀង និងភាពអយុត្តិធម៌សម្រាប់កម្ពុជាដែលមានការហូរហែនាពេលកន្លងមក។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នឹងដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ នយោបាយចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលកម្ពុជាបានដាក់របាយការណ៍ជាតិលើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី០៤ ខែមីនានេះថា នៅសប្តាហ៍ក្រោយនេះ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងដើម្បីការពាររបាយការណ៍ជាតិរបស់កម្ពុជាស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ របាយការណ៍ជាតិនេះ បានដាក់លើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ ហើយជាយន្តការអន្តរជាតិយើងដាក់របាយការណ៍ហើយ យើងត្រូវតែការពារ។
ខាងគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺគេបានផ្តល់ដំណឹងឲ្យយើងទៅការពារនៅខែមីនា ឆ្នាំ២០២២ នេះ។ការទៅការពារនេះគឺជាយន្តការសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយហើយក្រោយពីដាក់របាយការណ៍ហើយ យើងត្រូវទៅការពាររបាយការណ៍នេះក្នុងនោះគឺយើង នឹងធ្វើការបកស្រាយពន្យល់និងបំភ្លឺបន្ថែមទៅលើអ្វីដែលមាននៅក្នុងរបាយការណ៍។ យើងនឹងធ្វើការឆ្លើយនៅសំនួរមួយចំនួនដែលគណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិគេសួរពាក់ព័ន្ធដល់ការអនុវត្តសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយនៅកម្ពុជា។ យើងក៏ទៅធ្វើការបកស្រាយឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់ការរិះគន់មួយចំនួនដែលខុសពីការពិតដែលវាអយុត្តិធម៌សម្រាប់កម្ពុជាពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋជាពិសេស ពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនេះ។
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងវេទិកានេះ នឹងមានការលើកឡើងច្រើន ហើយក៏មានការបកស្រាយពន្យល់ ការបំភ្លឺ ការឆ្លើយតបពាក់ព័ន្ធទៅនិងបញ្ហាសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិផ្នែកនយោបាយដែលយើងឃើញកន្លង មកមានក្រុមប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងបានធ្វើការរិះគន់ចោទប្រកាន់ និងបានធ្វើការវាយប្រហារមកលើរដ្ឋាភិបាលដែលខុសពីការពិតដែលលមានភាពលំអៀង និងភាពអយុត្តិធម៌សម្រាប់កម្ពុជាដែលមានការហូរហែនាពេលកន្លងមក។ នៅក្នុងវេទិកានេះ គឺជាឱកាសសម្រាប់ឱ្យយើងពន្យល់ បកស្រាយ បំភ្លឺនិងឆ្លើយតបទៅនឹងការ រិះគន់ការចោទប្រកាន់ទាំងឡាយដែលមាននាពេលកន្លងមកនេះពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា៕
ដោយ៖ពលជ័យ