រដ្ឋមន្រ្តីការបរទេសកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ
ភ្នំពេញ៖ឯកឧត្ត ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា
សិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៤ ខែមីនាបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូល រួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក)នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិលើកទី៤៩ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស។
ក្នុងឱកាសកិច្ចប្រជុំ High-Level Segment មានឥស្សរជន ជាន់ខ្ពស់ តំណាង ឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងអង្គការ អន្តរជាតិនានា សរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែង សុន្ទរកថា ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ ប្រទេសអាស៊ានដែលបានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
High-Level Segment គឺជាវេទិកាសម្រាប់ឥស្សរជនជាន់ខ្ពស់ តំណាងឱ្យរដ្ឋាភិបាលនៃប្រទេសនានាថ្លែងអំពីអាទិភាពការងារ វឌ្ឍនភាព ការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ និងការផ្លាស់ប្តូរ
ទស្សនៈ គ្នាលើបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស។
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ៕ ដោយ៖ សួង ពិសិដ្ឋ
