មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា ចំណីអាហារដែលដាក់លក់នៅក្នុងផ្សារលើធំថ្មី ពុំបានរកឃើញនៅសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារឡើយ
សៀមរាប៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា ចំណីម្ហូបអាហារ និងគ្រឿងកំប៉ុង ដែលដាក់លក់នៅក្នុងផ្សារលើធំថ្មី ពុំបានរកឃើញនៅសារធាតុគីមីហាមឃាត់នឹងហួសសុពលភាពនៅលើម្ហូបអាហារ និងគ្រឿងកំប៉ុងឡើយ។ ការប្រតិបត្តិការណ៍នេះ ដោយបានចូលរួមសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធផងនោះ។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពលើចំណីម្ហូបអាហារនឹងផុតកំណត់នៃសុពលភាពគ្រឿងកំប៉ុងនោះ ស្ថិតនៅក្នុងផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ និង ទំនិញគ្រឿងឧបភោគបរិភោគមួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារឡើយ។
បន្ទាប់ពីបានធ្វើតេស្តបឋមនឹងការពិសោធន៍រកសារធាតុគីមីនៅក្នុងម្ហូបអាហារគំរូមួយចំនួន រួមមានដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង សរសៃគុយទាវ ប្រហិត បង្កងថៃ ម៉ឹកថៃ ទំពាំងត្រាំ និង គ្រឿងឧបភោគបរិភោគសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃពុំមានហួសកាលបរិច្ឆេតនោះទេ គឺសំដៅដល់គ្រឿងកំប៉ុង និងឥវ៉ាន់ចាប់ហួយនៅតាមតូបនានាក្នុងផ្សារជាដើម ។ ជាមួយគ្នានោះ ចំពោះការចុះប្រតិបត្តិការណ៍នេះ ក្នុងគោលបំណងដើម្បីធានាឲ្យបាននៅសុវត្ថិភាពលើផ្នែកសុខភាពទូទៅសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ។
ដូច្នេះមន្ត្រីកាំកុងត្រូលយើង បានធ្វើការណែនាំត្រួតពិនិត្យរបស់បងប្អូនអាជីវករមួយចំនួនដែលបានលក់ដូរនៅទីនោះ ដើម្បីឲ្យចូលរួមសហការជាមួយនឹងការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដោយផ្តោតលើការយកចិត្តទុកដាក់ ជាពិសេសចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាដើម។
លោក បន្តថា៖ ជាលទ្ធផលចុះផ្សារ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានធ្វើតេស្ដបឋមមិនបានរកឃើញនៅសារធាតុគីមីដែលបានផ្ទុកនៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពឡើយ ដូច្នេះក្រុមការងាររបស់លោកនៅតែបន្តធ្វើការយកចិត្តទុកដាក់នឹងចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ និងការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវិចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុនទើបជាការប្រសើរនឹងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ សូមរួមគ្នាទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមីផងដែរ។
លោក បានបញ្ជាក់ថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារជំនាញរបស់យើង ប្រសិនបើត្រូតពិនិត្យរួចហើយឃើញថា នៅក្នុងម្ហូបអាហារមានការដាក់លាយនៅសារធាតុគីមីដែលត្រូវបានហាមឃាត់នោះ ខាងក្រុមការងារជំនាញរបស់លោកនឹងធ្វើការដកហូតយកទៅកំទេចចោលភ្លាមៗ ហើយយើងណែនាំគាត់នឹងធ្វើកិច្ចសន្យាមិនមានជាលើកទី២ទៀតឡើយ៕ធ.ដ
ដោយ ស៊ាន សុផាត