សម្ដេចតេជោ ហ៊ុន សែន និងបេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា ដោយទិសដៅសំខាន់ គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូហៃ សាសាកាវ៉ា (Yohei Sasakaw) បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation បានបង្ហាញ ពីចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា ដោយទិសដៅសំខាន់ គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ ។ ការសម្ដែងចំណាប់អារម្មណ៍ដូចគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពីភាក្សាការងារនារសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ២០២២ នៅវិមានសន្តិភាព ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកឧត្តម យូហៃ បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ ឯកឧត្តម សង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញ នូវការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ដែលនាំកម្ពុជា មកដល់ការអភិវឌ្ឍន៍ខ្ពស់ និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ។ លោកក៏បានសំដែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ដែលបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។
ឯកឧត្តម យូហៃ បានមានប្រសាសន៍ថា ជំនួប ១០០ដង គឺមិនស្មើនឹងសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺបានបើកទ្វារដែលចាក់សោរជាប់រួចទៅហើយ និងជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្តអស់ពីបេះដូង ហើយជាសកម្មភាពដែលទទួលនូវការគោរពផង និងផ្ដល់នូវសេចក្ដីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម យូហៃ ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីអង្គការរបស់ឯកឧត្តម ដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយូរណាស់មកហើយ ក្នុងការបង្រៀនសិស្ស ឱ្យរៀនធ្វើអយៈយវៈសិប្បនិមិត្ត ហើយក្នុងពេលនេះ ឯកឧត្តម សូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីអនុញ្ញាតឱ្យកូនសិស្សមីយ៉ាន់ម៉ា បានមកសិក្សាពីកម្ពុជា លើការធ្វើអវៈយវៈសិប្បនិម្មិត ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម និងពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្តម ។ សម្ដេចតេជោមានប្រសាសន៍ថា យើងមានចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា នោះគឺបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជន ដែលកំពុងតែត្រូវការជាទីបំផុត ហើយទិសដៅដែលសំខាន់ជាងនោះទៅទៀត គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ។
សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្ដេចនឹងប្រឹងប្រែងបន្តកិច្ចការនេះ ហើយសម្ដេច ក៏បានស្នើសុំជូនឯកឧត្តម បន្តធ្វើការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់អាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា ។
ពាក់ព័ន្ធនឹងការស្នើសុំឱ្យសិស្សមីយ៉ាន់ម៉ា មកសិក្សាបច្ចេកទេសអវៈយវៈសិប្បនិមិត្ត នៅកម្ពុជា សម្តេចតេជោ ក៏បានស្វាគមន៍ និងមានប្រសាសន៍ថា នេះជាកិត្តិយសណាស់សម្រាប់កម្ពុជា ៕ ដោយ៖ វណ្ណលុក










