ជនសង្ស័យ ៤នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រឹបអូសគ្រឿងញៀនជិត ៦៥គីឡូក្រាម និងអាវុធ ៣ដើម
ភ្នំពេញ ៖ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរសេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់៖
គោលដៅទី១ នៅចំណុច ស្ថានីយ៍ប្រេងឥន្ទនៈតេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង ៦០គីឡូ។
គោលដៅទី២ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត ០២គ្រឿង ជនសង្ស័យ ០៣នាក់ និងអាវុធ ០៣ដើម(វែង ១ដើម ខ្លី ២ដើម) នៅចំណុចបូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង ៦០គីឡូ ដែលចាប់បាន ទី២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិថៃ ទី៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិថៃ និងទី៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិថៃ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម, ហេរ៉ូអ៊ីន (HEROIN) ទម្ងន់សុទ្ធ ២១គីឡូ និង ១២០ក្រាម។ សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង ៨៧៩.៨៤ក្រាម។ អាវុធAK ១ដើម និងអាវុធខ្លី ២ដើម រថយន្ត ៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយ ៖ ងីម ឆៃហួត



